ស្ថានទូតចិនប្រចាំកម្ពុជា ប្រគល់រថយន្តពេទ្យចល័ត និងសម្ភារៈមួយចំនួន ជូនសមាគមមិត្តភាពកម្ពុជា-ចិន សម្រាប់បម្រើការងារលើវិស័យសាធារណៈ


(ភ្នំពេញ)៖ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលរថយន្តពេទ្យចល័ត និងអេក្រង់អិលអីឌី (LED) បរិក្ខាបំពងសំឡេង ដែលជាអំណោយរបស់ស្ថានទូតចិននៅកម្ពុជា និងមូលនិធិចិន PEACELAND។ ពិធីនេះ ធ្វើឡើងនៅស្នាក់ការកណ្តាល សមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ។

ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានឲ្យដឹងថា ពិធីនេះ ត្រូវបានធ្វើឡើង ដើម្បីបង្ហាញនូវសមិទ្ធិផលថ្មីបន្ថែមទៀត របស់សមាគមមិត្តភាព កម្ពុជា-ចិន តាមរយៈ ការទទួលអំណោយដ៏ថ្លៃថ្លាពីស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នូវអេក្រង់ LED ទំហំបណ្តោយ៧ម៉ែត្រ និងទទឹក៣ម៉ែត្រ រួមនិងបរិក្ខាបំពងសំឡេង ដែលនឹងផ្តល់លទ្ធភាព កាន់តែល្អប្រសើរដល់សមាគម សម្រាប់រៀបចំកិច្ចប្រជុំ និងសិក្ខាសាលានានា និងជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការបង្ហាញចែករំលែកអប់រំ ដល់យុវជនសិស្ស-និស្សិត និងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមបានបន្តថា លើសពីនេះទៅទៀត តាមរយៈការគាំទ្រ ពីស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រថយន្តពេទ្យចល័ត ដែលជាអំណោយ របស់មូលនិធិចិន PEACELAND ជាសមិទ្ធផលថ្មីបន្ថែមទៀត ក៏ជាចំណែកយ៉ាងសំខាន់ សម្រាប់ថែរក្សាសុខមាលភាពប្រជាជន ដែលស្ថិតក្នុងគោលនយោបាយអាទិភាពចម្បងមួយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Liu Wenzhi តំណាងមូលនិធិចិន PEACELAN បានឲ្យដឹងថា ដោយមានការគាំទ្រពីបណ្តាញសង្គមស៊ីវិលចិន CNIE សង្គមស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានឈានដល់ការឯកភាព ក្នុងការនាំយករថយន្តនេះ ដែលដើរតួនាទីជាបន្ទប់វះកាត់ចល័ត និងជាគ្លិនិក ដែលបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើប សម្រាប់បម្រើការងារ លើវិស័យសាធារណៈថែមទៀតផង។

លោកបានបន្ថែមថា សង្គមស៊ីវិលចិន នឹងបន្តគាំទ្រដល់បេសកកម្មការងារ របស់សមាគមមិត្តភាព កម្ពុជា-ចិន ក្នុងការជួយលើកកម្ពស់សុខុមាលភាពសាធារណៈ ជូនដល់ប្រជាជនកម្ពុជានៅជនបទ។

ឯកឧត្តម Wang Wenbin បានថ្លែងថា រដ្ឋាភិបាលចិនជានិច្ចកាល តែងបានគាំទ្រយ៉ាងពេញទំហឹង ដល់បេសកកម្មការងាររបស់សង្គមស៊ីវិល នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ក្នុងបុព្វហេតុជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា និយាយរួមដល់ដំណើរការនៃការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតរបស់កម្ពុជា។

ឯកឧត្តម ឯក សំអុល បានថ្លែងថា ក្រោមកិច្ចសហការ ជាមួយបណ្ដាញសង្គមស៊ីវិលចិន (CNIE) តាមរយៈមូលនិធិចិន PEACELAN ដែលបានប្រគល់ជូនដល់ សមាគមមិត្តភាពកម្ពុជា-ចិន ទទួលបានអំណោយរថយន្តពេទ្យ ចល័ត និងបរិក្ខារដែលមានតម្លៃ ២,៩២០,០០០ យ័នចិន ឬប្រមាណ៤៨ម៉ឺនដុល្លារអាមេរិក នាពេលនេះ ឯកឧត្តមសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសមាគម ទទួលបានអំណោយថ្លៃថ្លានេះ និងសម្រេចថា ពន្ធអាករពីរថយន្តពេទ្យ ជាបន្ទុករបស់រដ្ឋ។

ឯកឧត្តម ឯក សំអុល ក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមូលនិធិចិនទាំងពីរ ដែលបានសម្របសម្រួលលើអំណោយរថយន្តនេះ។ ឯកឧត្តមក៏សូមថ្លែងអំណរគុណម្ដងទៀត ចំពោះឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាងផងដែរ។

តាមរយៈរថយន្តពេទ្យចល័ត ឯកឧត្តមសង្ឃឹមថា លោកស្រី យ៉ាង លីហួ ប្រធានអង្គការ YUNDI ខេត្តយូណាន នឹងសម្របសម្រួលជាមួយមន្ទីរពេទ្យបេះដូង វ៉ូវៃ ខេត្តយូណាន ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រូពេទ្យកម្ពុជា ចុះពិនិត្យសុខភាពវះកាត់ និងព្យាបាលជូនដល់កុមារកម្ពុជា នៅជនបទ ដែលមានជំងឺបេះដូងពីកំណើត ស្របតាមគោលបំណង និងទិសដៅនៃយន្តការដែលមានស្រាប់ និងបទពិសោធន៍ការងារកន្លងមក។ ឯកឧត្តមសូមជូនពរដល់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។

គូសបញ្ជាក់ផងដែរថា យោងតាមការឲ្យដឹងពីលោកស្រី យ៉ាង លីហួ តំណាងអង្គការ YUNDI និងជាតំណាងឱ្យមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន, ក្រោមកិច្ចសហការ ជាមួយអង្គពាក់ព័ន្ធនានា ភាគីកម្ពុជាចិន បានរួមគ្នាចុះពិនិត្យសុខភាព ជូនដល់កុមារកម្ពុជាចំនួនជាង៥ម៉ឺននាក់ នៅតាមបណ្តាសាលាបឋមសិក្សានានា ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

ក្នុងនោះ បានរកឃើញកុមារចំនួន១៥០រូប មានជំងឺបេះដូងពីកំណើត ដែលក្នុងនោះ១២២រូប បានជាសះស្បើយ ក្រោយទទួលបានការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ២៣នាក់បានវះកាត់ និងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងនៅមន្ទីរពេទ្យនានាដទៃទៀត ក្នុងប្រទេសកម្ពុជា។ ដោយឡែក នាដើមខែកញ្ញានេះ កុមារ៥រូប នឹងគ្រោងបញ្ជូនទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅប្រទេសចិន៕