សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ថ្លែងអំពីប្រវត្តិបដិសេធសំណើប្រធានអាស៊ានរបស់ថៃ ក្នុងការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានចូលក្នុងតំបន់ជម្លោះ


(ភ្នំពេញ)៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីថៃបដិសេធសំណើប្រធានអាស៊ាន ក្នុងការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ចូលក្នុងតំបន់ជម្លោះ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាបានយល់ព្រមទាំងស្រុង។

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងរំលឹកពីប្រវត្តិយ៉ាងដូច្នេះថា៖

«បច្ចុប្បន្នថៃបដិសេធនឹងនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានចង់បន្ថែមអ្នកសង្កេតការណ៍ ដើម្បីពិនិត្យការបទឈប់បាញ់ជាក់ស្ដែង។ បញ្ហារបស់ថៃនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យខ្ញុំនឹកឃើញអំពីរឿងរ៉ាវថៃចូលមកតំបន់ប្រាសាទព្រះវិហារ ចំនួន៤លើក នៅឆ្នាំ២០០៨ ២០០៩ ខែកុម្ភៈ២០១១ និងខែមេសា ២០១១ ដែលនាំឱ្យកម្ពុជាយើងប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃ០៤ កុម្ភៈ ២០១១។

កាលណោះ UNSC ក៏បានប្រជុំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានចាត់ខ្ញុំឱ្យចូលប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីបកស្រាយការពិតរបស់ថៃ។ UNSC ក៏បានសម្រេចឱ្យមានការឈប់បាញ់ដែលមានន័យថា គឺថៃឈប់បំពានទឹកដីកម្ពុជា ព្រមទាំងបានចាត់ឱ្យប្រធានអាស៊ានចាត់ចែងពិនិត្យការឈប់បាញ់។ ពេលនោះរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន បានកោះប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ រួមទាំងរដ្ឋមន្រ្តីការបរទេសថៃដើម្បីឱ្យមានការឈប់បាញ់។

បន្ទាប់មករដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី បានធ្វើសំណើរបញ្ជូនអ្នកសង្កេតការណ៍មកមើលការឈប់បាញ់ចំនួន៨លើក តាមការសម្រេចរបស់ UNSC។ កម្ពុជាយើងតែងតែឯកភាពជានិច្ចទាំង៨លើក ឯថៃវិញតែងតែរកមូលហេតុផ្សេងៗបដិសេធមិនទទួលទាំង៨លើក។

កម្ពុជាក៏ទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃ២៤ មេសា ២០១១។ ក្រោយពីពិនិត្យឯកសារ និងសិក្សាសភាពការណ៍ជាក់ស្ដែងនៅលើសមរភូមិ ICJ ក៏បានសម្រេចឱ្យថៃដកកងទ័ពចេញឱ្យអស់ពីតំបន់ប្រាសាទព្រះវិហារនៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលធ្វើឱ្យយើងឈ្នះថៃជាលើកទី២ នៅប្រាសាទព្រះវិហារ និងសរុមមកខ្ញុំមើលឃើញថា សភាពការណ៍បច្ចុប្បន្ននៅព្រំដែនកម្ពុជា-ថៃ ក៏អាចដូចនឹងសភាពការណ៍ឆ្នាំ២០០៨ ២០១១។ ដូចនេះជ័យជម្នះរបស់កម្ពុជា លើថៃ នៅឆ្នាំ១៩៦៤ និងឆ្នាំ២០១៣ ជាមេរៀនមួយសម្រាប់ថៃ៕