(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងដែលបម្រើដល់សេដ្ឋកិច្ចសង្គម។
ប្រមុខការទូកម្ពុជា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម ធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
ក្នុងឱកាសដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យកម្ពុជា-ថៃ អាចស្រាវជ្រាវ និងកំណត់ព្រំដែនអាទិភាព សម្រាប់បោសសម្អាតមីន មនុស្សធម៌ ជាពិសេស តំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់ តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតស៊ីវិលនៃប្រជាជនប្រទេសទាំងពីរ និងគាំទ្រដល់ស្ថេរភាពតំបន់ផងដែរ»។
អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា កម្ពុជានៅតែបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ហើយកម្ពុជាសូមរំលឹកថា ចម្ការមីន ក្នុងទឹកដីកម្ពុជា គឺជាមីនដែលសល់ តាំងពីសម័យអតីតកាលនៃសង្គ្រាម ចន្លោះឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០ ដែលមិនទាន់បានបោសសម្អាតនៅឡើយ។
បើតាមឯកឧត្តម នង សាកល, កម្ពុជាក្នុងនាមជាប្រទេសមួយ ដែលធ្លាប់តែភ័យខ្លាច ដោយសារ សង្គ្រាមជាច្រើនទស្សវត្តន៍ បានបន្សល់ទុក នៅគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះជាច្រើន ដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយសារគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះ រហូតដល់ ៦,៥០០០នាក់។
ក្នុងន័យនេះ ឯកឧត្តម នង សាកល បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានក្លាយជាប្រទេសដែលមានឆន្ទៈយ៉ាងមុះមត់ចំពោះ ATA War convention ចាប់តាំងពី ចូលជាភាគី តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ ជាពិសេសកម្ពុជា ហួសពីព្រំដែនរបស់ខ្លួនបានប្រែក្លាយពីប្រទេសដែលធ្លាប់តែរងគ្រោះ ដោយសារមីន ទៅជាអ្នកចូលរួមវិភាគទានយ៉ាងសកម្ម ដល់សកម្មភាពកំចាត់មីនសកលលោក៕