ឯកឧត្តមបណ្ឌិត ងួន វិទូ ជួបសំណេះសំណាលលើកទឹកចិត្ត និងនាំអំណោយឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានិត ជូនសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅវិទ្យាល័យបុសខ្នុរ ស្រុកចំការលើ


(កំពង់ចាម)៖ ឯកឧត្តមបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងឯកឧត្តម ឌួង ឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៥ ខាងមុខនេះ នៅវិទ្យាល័យបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងួន វិទូ ក៏បាននាំនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ឧបត្ថម្ភជូន​ដល់បេក្ខជនដែលទៅចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទីរួមខេត្តកំពង់ចាម សម័យប្រឡងថ្ងៃទី២៨ សីហា ២០២៥នេះផងដែរ។ ពិធីនេះដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនឃុំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងបេក្ខជនត្រៀមប្រឡងសរុបប្រមាណជាង៤៥០នាក់។

មុនដំណើរការកម្មវិធី អង្គពិធីទាំងមូលបានធ្វើពិធីស្មិងអារម្មណ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងួន វិទូ បានលើកឡើងអំពីសភាពការណ៍ថ្មីៗទូទៅរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលដ៏ត្រចេះត្រចង់ នៃកងទ័ពកម្ពុជាលើសមរភូមិមុខ សមរភូមិក្រោយ សមរភូមិព័ត៌មានវិទ្យា និងសមរភូមិការទូត។ លោកបញ្ជាក់ថា ភាពជោគជ័យនៅគ្រប់សមរភូមិ គឺអាស្រ័យដោយមានការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានយុទ្ធសាស្ដ្រដឹកនាំប្រកបដោយបុរេសកម្មខ្ពស់ និងប្រកបដោយភាពចាស់ទុំ ទាំងការប្រើប្រាស់យន្ដការការទូត យន្ដការច្បាប់អន្ដរជាតិ និងយន្ដការ នៃការបញ្ជាកម្លាំងទ័ព, ការតស៊ូយ៉ាងមុះមុត អង់អាចក្លាហាន ហ៊ានប្ដូរជីវិតរបស់វីរកងទ័ពជួរមុខ តទល់នឹងខ្មាំងសត្រូវឈ្លានពាន ព្រមទាំងការរួបរួមស្មារតីសាមគ្គីភាពជាតិ ជាធ្លុងមួយយ៉ាងរឹងមាំរបស់ប្រជាជននៅទូទាំងប្រទេសដែលជាសមរភូមិក្រោយ ដើម្បីផ្ដល់កម្លាំងចិត្ត ដល់កងទ័ពនៅសមរភូមិមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់បេក្ខជនដែលត្រូវទៅចូលរួមប្រឡង ជាជំនួយដល់ការរៀនសូត្រ និងផ្តល់នូវគន្លឹះរៀនសូត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អ ដោយលោកសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងបន្តខិតខំប្រឹងរៀនសូត្រពង្រឹងសមត្ថភាព ឲ្យកាន់តែខ្លាំងដើម្បីឈានទៅទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ងួន វិទូ ក៏បានថ្លែងអំណរគុណ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស និងអស់លោក/លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជារួមអាជ្ញាធរ និងសម្ថកិច្ចគ្រប់ជាន់ថ្នាក់ស្រុកចំការលើ និងនិយាយដោយឡែកអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងមូលដ្ឋានឃុំបុសខ្នុរនេះ ដែលបានរួមគ្នាខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។

បន្ទាប់មកឯកឧត្តមបណ្ឌិត ងួន វិទូ បានប្រគល់ថវិកាជូនដល់បេក្ខជនដែលត្រូវទៅចូលរួមប្រឡងមានចំនួនសរុប១៨០នាក់ (ស្រី១៣០នាក់) ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៤០,០០០ម៉ឺនរៀល ថវិកាទាំងនេះ ជាការឧបត្ថម្ភពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ជូនតាមរយៈឯកឧត្តម ឌួង ឧត្តម សម្រាប់ជួយសម្រួលថ្លៃចាយវាយមានដូចជាសោហ៊ុយធ្វើដំណើរ ការស្នាក់នៅ និងអាហារហូបចុកក្នុងអំឡុងពេលនៃការប្រឡង៕