ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ថ្មី ក្រោមគំនិតផ្ដួចផ្ដើមពីលោកបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុមការងារគណបក្ស ដើម្បីបំពេញការងារប្រចាំថ្ងៃ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងស្រុកទាំង១០ លោក ស៊ូ ភិរម្យ ប្រធានគណបក្សស្រុកបូរីជលសារ រួមនឹងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា សមិទ្ធផលដ៏ថ្មីមួយនេះ បានបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលកន្លងមកបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍លូតលាស់លើគ្រប់វិស័យ និងល្បីល្បាញលើឆាកអន្តរជាតិ នៅភាពប៉ិនប្រសព្វរបស់សម្ដេចក្នុងការដឹកនាំប្រទេស បញ្ចប់សង្គ្រាមដ៏រ៉ាំរៃរាប់ទសវត្ស នាំមកនូវសុខសន្ដិភាពជូនប្រជាជន និងប្រទេសជាតិបានរស់នៅប្រកបដោយសុខដុមរមនាដល់សព្វថ្ងៃ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានណែនាំដល់សមាជិកគណបក្សទាំងអស់ ត្រូវរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពិសេសត្រូវខិតខំបម្រើសេវាសាធារណៈ និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីពួកគាត់មានជំនឿជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង ឲ្យឈ្នះភ្លូកទឹកភ្លូកដីនៅអាណាត្តិក្រោយៗទៀត។ ក្នុងនោះ លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានចូលរួមថវិកាកសាងការិយាល័យគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារថ្មី នូវទឹកប្រាក់ចំនួន១០០លានរៀលផងដែរ៕