ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសគឺការត្រៀមកម្លាំងជួយសម្របសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ នៅពេលមានភ្លៀងធ្លាក់ ក្នុងឱកាសនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តម កើត ឆែ បានលើកឡើងថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាការណ៍ហើយថា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ ខាងមុខនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ។
ឯកឧត្តម កើត ឆែ បានធ្វើការណែនាំបែបនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ខណៈឯកឧត្តមអញ្ជើញជាអធិបតី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ខាងមុខនេះ។
ក្រៅពីការណែនាំខាងលើហើយ ឯកឧត្តម កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ដល់សិក្សានុសិស្ស ដែលជាបេក្ខជនប្រលង ដើម្បីធានាបានថា ពួកគាត់អាចមកប្រលងបានទាន់ពេលវេលា ជាមួយនិងការលុបបំបាត់កន្លែងថតចម្លង នៅជិតមណ្ឌលប្រលងជាដើម។
ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មាន មណ្ឌលប្រឡង សរុបចំនួន ៣៥មណ្ឌល ត្រូវជា១,១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន១២ (មានខណ្ឌឫស្សីកែវ, ជ្រោយចង្វារ, ដូនពេញ, ៧មករា, ទួលគោក, ចំការមន, បឹងកេងកង, ច្បារអំពៅ, សែនសុខ, ពោធិ៍សែនជ័យ, មានជ័យ និងដង្កោ) ដែលមានបេក្ខជនសរុបចំនួន ២៨,១៦៥នាក់ កើនលើសឆ្នាំមុនចំនួន៣មណ្ឌល។
ឯកឧត្តម កើត ឆែ បន្តថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥នេះ នឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួម គ្រប់សមាសភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់។
ឯកឧត្តម កើត ឆែ បន្តថា ដោយការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានផ្តល់ការឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនិងការ ផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូ សម្រាប់បេក្ខជន ចំនួន៣៥មណ្ឌល ស្មើនឹង៣៥,០០០,០០០រៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នេះដែរ ឯកឧត្តមបានបន្ថែមថា ត្រូវធ្វើយ៉ាងណាឱ្យការប្រឡង ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយធានាបាននូវទិសស្លោក «អ្នកចេះគឺជាប់»៕