អ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈ៣ចំណុច ក្នុងកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃបូក


(ភ្នំពេញ)៖ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកទស្សនៈ៣ចំណុច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិក នៅក្នុងកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃបូក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់មាតុភូមិដោយសុវត្ថិភាព នាពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំ កំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចបវរធិបតី ក៏បានចែករំលែក នូវការយល់ឃើញរបស់សម្ដេច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិករួមមាន៖ ការអនុវត្ដពហុភាគីនិយម គឺទាមទារនូវការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ចំពោះកិច្ចសន្ទនា, ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្ន»

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមទៀតថា សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ការជួបជុំរបស់បណ្ដារដ្ឋនាពេលនេះ គឺជាការអំពាវនាវដល់ម៉ឺងម៉ាត់ ឲ្យមានការចាត់វិធានការនូវ ចំពោះមុខភូមិសាស្ដ្រនយោបាយ ដែលកាន់តែស្មុគស្មាញ និងកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

សូមបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​ អញ្ជើញ​ទៅ​ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ដំណើរអញ្ជើញទៅ​ប្រទេស​ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ​ខាង​លើ​ហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖

* ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង, ឯកឧត្តម វ៉ាង ហ៊ូនីញ ប្រធានសភា​ប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, ឯកឧត្តម Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកឧត្តម អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕