(ភ្នំពេញ)៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន បានប្រកបដោយផ្លែផ្កា ដោយសម្តេចត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិនឯកឧត្តម ស៊ី ជិនពីង ព្រមទាំងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាពិនិត្យចិនមួយចំនួនទៀត។
ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងដូចនេះនៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ-បូក នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។
ជុំវិញដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅសាធារណរដ្ឋប្រជាមានិតចិននេះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ដូចនេះថា «នៅក្នុងពេលអញ្ជើញទៅដល់ទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ពីតំណាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំទីក្រុងធានជីន បន្ទាប់មកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង»។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង, ឯកឧត្តម វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, ឯកឧត្តម Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកឧត្តម អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕