(ភ្នំពេញ)៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌នូវថវិកាចំនួន ២០លានយ៉ន់ ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ការឱ្យដឹងបែបនេះ របស់ឯកឧត្តម មាស សុភ័ណ្ឌ បានធ្វើឡើងនាពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។
ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅចំពោះមុខសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា មិត្តចិន គាំទ្រកម្ពុជា ក្នុងការកសាង និងការពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ឯកឧត្តម ប្រធានាធិបតី ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលចុងខែកក្កដា កន្លងទៅ»។
បន្ថែមពីនេះ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ីឱ្យបានឆាប់រហ័សឱ្យបានឆាប់រហ័ស។
បន្ថែមពីនេះ ថ្នាក់ដឹកនាំកម្ពុជា និងចិន ក៏បានឯកភាពគ្នាក្នុងការបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពនានា ដែលរួមមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្តិសុខ និងវិស័យការពារជាតិជាដើម។
គួរជម្រាបថា ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានប្រជាជនខ្មែរស្លូតត្រង់ជាង ៥ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជិត ២០ម៉ឺននាក់ ហើយពលរដ្ឋភៀសសឹកទាំងអស់កំពុងតែរស់នៅតាមជំរុំបណ្តោះអាសន្នដែលមានសុវត្ថិភាព កំពុងរស់នៅខេត្តបន្ទាយមានជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ខណៈជំរុំមានសុវត្ថិភាព ត្រូវបានអាជ្ញាធររៀបចំឡើងចំនួន ១៨៥ទីតាំងផងដែរ។ គួរកត់សម្គាល់ថា ជនភៀសសឹកភាគច្រើនលើសលប់ គឺជាស្ត្រី ជនចាស់ជរា កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះផងដែរ៕