(ភ្នំពេញ)៖ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសអំពីជំហរនៃការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ, គាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រឲ្យរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឲ្យបានឆាប់ៗក្នុងពេលខាងមុខនេះ។
ជំហរគាំទ្របែបនេះរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល SCO នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈសន្និសីទសារព័ត៌មានរបស់ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយម៉ាឡេស៉ី ឲ្យបានឆាប់»។
បើតាមឯកឧត្តម មាស សុភ័ណ្ឌ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានសម្ដែងនូវការស្វាគមន៍ប្រកបដោយមនោសញ្ចាតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល SCO នៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ស៊ី ជិនពីង បានបញ្ជាក់ថា មិត្តចិនគាំទ្រចំពោះកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការណ៍លើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។ ទន្ទឹមនឹងនេះ ចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ័នដល់កម្ពុជា (ប្រមាណជាង១៣ម៉ឺនដុល្លារអាមេរិក) ដើម្បីជួយស្ដារឡើងនូវការរាល់ការខូចខាត និងជួយដល់ទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ពីការប៉ះទង្កិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។
ឯកឧត្តមបានបន្ដថា ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្ដពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យអាទិភាពនានា រួមមាន វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្ដិសុខ ការពារជាតិជាដើម៕