អគ្គលេខធិការ UN បាននិងកំពុងយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងបានទទួលយកសំណើរបស់ភាគីទាំងពីរ ស្តីពីការអនុវត្តបទឈប់បាញ់ ចៀសវាងប្រើកម្លាំងនៅតំបន់មិនទាន់ដាច់ស្រេច


(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ-បូក, ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិងកំពុងយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងបានទទួលយកសំណើរបស់ភាគីទាំងពីរ ស្តីពីការអនុវត្តបទឈប់បាញ់ ចៀសវាងប្រើកម្លាំងនៅតំបន់មិនទាន់ដាច់ស្រេច។

បើតាមប្រសាសន៍របស់ឯកឧត្តម មាស សុភ័ណ្ឌ, អគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ, អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថាលោកផ្ទាល់ បាននិងកំពុងបន្តតាមដានយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តមក៏បានទទួលយកសំណើរបស់ភាគីទាំងពីរ អនុវត្តបទឈប់បាញ់ ជៀសវាងការប្រើប្រាស់កម្លាំងយោធាដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។

តាមរយៈប្រភពដដែល បានលើកឡើងថា ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់គឺ គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ JBC ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលមានជាធរមាននៃសន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕