(កំពង់ធំ)៖ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជូនដល់មន្ត្រីលេខាធិការដ្ឋាន និងមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំ ស្រុក ក្រុង ទាំង៩ និង ឃុំ សង្កាត់ទាំង៨១ នៅសាលាខេត្តកំពង់ធំ។
ពិធីនេះ រៀបចំឡើងដោយមានការសហការពីរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ការងាររៀបចំរបាយការណ៍ និងការងារ សម្របសម្រួលគាំទ្រដល់សកម្មភាពការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ឯកឧត្តម អេង ទូច បានលើកឡើងថា បន្ទាប់ពីសន្តិភាពពេញលេញឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច។
ដោយផ្អែកលើសមិទ្ធផលដ៏ធំធេងទាំងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនិងថាមវន្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានបន្តយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីបន្តការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅតាមមូលដ្ឋានទូទាំងប្រទេស ព្រមទាំងជំរុញការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តម អេង ទូច បានបន្តលើកឡើងថា ដោយផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានណែនាំឱ្យរៀបចំបង្កើតនូវលេខាធិការដ្ឋាន និងចាត់តាំងក្រុមមន្ត្រីបង្គោល សម្រាប់ធ្វើជាសេនាធិការក្នុងសកម្មភាពការងារចុះមូលដ្ឋាន និងដោយបានកត់សម្គាល់ថា មន្ត្រីលេខាធិការដ្ឋាន និងមន្ត្រីបង្គោលមួយចំនួន នៅថ្នាក់ក្រោមជាតិ នៅពុំទាន់យល់គ្រប់គ្រាន់អំពីតួនាទី ភារកិច្ច របៀបរបបការងារ និងការបំពេញព័ត៌មាន ក្នុងទម្រង់ ការកត់ត្រាលទ្ធផលនៃការរៀបចំវេទិការសាធារណៈនៅមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅមិនទាន់មានគុណភាពល្អ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ ទើបមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
ក្នុងនាម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្នុងនាមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ឯកឧត្តម អេង ទូច បានជំរុញដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ចូលរួមឱ្យសកម្ម ព្រមទាំងធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធឱ្យបានផុសផុល និងទទួលយកចំណេះដឹងបន្ថែម ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងនាមជាសេនាធិការ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដែលជាការចូលរួមពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារចុះមូលដ្ឋាន ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តកំពង់ធំ៕