ឯកឧត្តមរដ្ឋមន្ដ្រី កែវ រតនៈ៖ កម្ពុជា នឹងដាក់ពង្រាយស្ថានីយសាករថយន្ដអគ្គិសនី លក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស នៅពេលខ្លីខាងមុខ


(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ជាលក្ខណៈទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស នៅពេលខ្លីខាងមុខនេះ។

ថ្លែងក្នុងពិធីជួបជុំនិវត្ដជនអគ្គិសនីកម្ពុជា នៅថ្ងៃនេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខ្លីខាងមុខនេះ យើងនឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងប្រទេស»

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា នៅពេលខាងមុខនេះ យើងនឹងឃើញមាន រថយន្ដគ្រួសារជាច្រើន ដែលឈប់ប្រើប្រេងម៉ាស៊ូត និង​ប្រេងសាំង មកប្រើអាគុយ ហើយការសាកអាគុយ ​ត្រូវការពេលសាកតែជាង១០នាទីប៉ុណ្ណោះ ហើយអាចធ្វើដំណើរ បានរាប់រយគីឡូ។

បន្ថែមពីនោះទៀត ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា យើងនឹងឃើញរថយន្ដដឹកជញ្ជូន មិនថា «រថយន្ដបង្កកដឹកសម្ភារៈក្លាសេ» មិនថា «រថយន្ដដឹកអីវ៉ាន់ធំៗ» ដែលឈប់ប្រើម៉ាស៊ូត ហើយឈានមកប្រើការសាកអាគុយ តាមរយៈការយកភ្លើងថោក ភ្លើងស្អាត ពីបណ្ដាញជាតិ។

ឯកឧត្តម កែវ រតនៈ បានឲ្យដឹងទៀតថា នៅពេលខាងមុខនេះ ប្រហែលជា៩៩ភាគរយ នៅពេលដឹករ៉ែ ចេញពីបណ្ដាខេត្ដៗនានា ទៅកាន់កំពង់ផែ ប្រទេសកម្ពុជា គឺប្រើប្រាស់រថយន្ដអគ្គិសនី។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា នេះគឺជាសមទ្ធិផលរួម ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងរៀមច្បង និងអ្នកជំនាន់ក្រោយ ដែលកំពុងពង្រីកវិសាលភាព។

ទន្ទឹមគ្នានេះ ឯកឧត្តមបានថ្លែងថា ការជួបជុំថ្ងៃនេះ គឺជាឧទ្ទិសសមទ្ធិផលរួម រ​បស់ជាតិយើង ជូនដល់រៀមច្បងទាំងអស់ ដែលបានខិតខំតាំងពីបាត់ដៃទទេរ ហើយសូមពឹងពាក់ ឲ្យជួយថែរក្សាសុខភាពខ្លួនឲ្យបានល្អ​ ដើម្បីនៅបន្ដមើលនូវសមទ្ធិផលថ្មីៗបន្ដទៀត ដែលថ្នាក់ដឹកនាំជំនាន់ក្រោយ បង្កើតជូនជាតិមាតុភូមិ។

ឯកឧត្តម កែវ រតនៈ ក៏សូមឲ្យជួយផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ ដែលបានឆ្លងកាត់ពីមុនមក ឲ្យអ្នកជំនាន់ក្រោយជាកូន ជាចៅ ជាចៅទូត ដើម្បីឲ្យខ្មែរយើង កុំភ្លេចប្រវិត្ដលំបាករបស់យើង ព្រោះថា ការចាំនូវភាពលំបាក គឺជាដើមទុន ដែលធ្វើឲ្យជាតិសាស្ដ្រ មានការរីកចម្រើន៕