ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY


នាព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនៃកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនកូរ៉េ បាននាំយកអង្ករចំនួន ៥តោនប្រគល់ជូនក្រសួងធនធានទឹក និងឧតុនិយម ដើម្បីប្រើប្រាស់ជាជំនួយមនុស្សធម៌នានាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY មានបទពិសោធន៍យ៉ាងទូលំទូលាយលើទីផ្សារប្រព័ន្ធថាមពល និងការអភិវឌ្ឍថាមពលកកើតឡើងវិញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧ ដោយឡែក ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា CAM CHILBO ELECTRIC POWER បានបង្កើតឡើងក្នុងឆ្នាំ២០០១ ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងអភិវឌ្ឍន៍ថាមពលផ្សេងៗជាមួយស្ថាប័នសាធារណៈ និងក្រុមហ៊ុនឯកជន រួមទាំងការដំឡើងរោងចក្រថាមពលវារីអគ្គិសនី ថាមពលកំដៅ និងថាមពលកកើតឡើងវិញ៕