ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យក្រុមហ៊ុន​បច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)


ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

លោករដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពីសារៈសំខាន់​នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស​របស់ក្រសួង​ខណៈដែលកម្ពុជា មានកម្មករនិយោជិតជាង១លាននាក់​ កំពុង​បម្រើ​ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ដែលជាប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group បានថ្លែងអំណរគុណដល់​លោករដ្ឋមន្រ្តី​ចំពោះការ​ផ្តល់អនុសាសន៍សម្រាប់​កិច្ចសហការប​ណ្តុះ​បណ្តាលលើវិស័យដ៏មានសារសំខាន់នេះឱ្យជោគ​ជ័យ​នាពេលអនាគត។

លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើបតាមរយៈការសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដែលមានភាពបត់បែន និងអំណោយផល​សម្រាប់​បងប្អូន​កម្មករនិយោជិត ក្នុងការសិក្សា​ពីចម្ងាយ និងសិក្សាពីកន្លែងការងារ ដែលចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ៕