នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយលោក Dato’ Sri Haji Fadillah bin Haji Yusof ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល និងបរិវត្តន៍ទឹក នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមវេទិកាស្តីអំពី «ចីរភាព និងថាមពលកកើតឡើងវិញ» នៅទីក្រុង Kuching រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូនឧបនាយករដ្ឋមន្ត្រី អំពីការសម្រេចរបស់អភិបាលរដ្ឋសហព័ន្ធសារ៉ារ៉ាក់ ក្នុងការចាត់តាំងឲ្យលោក Datuk Dr. Haji Abdul Rahman Bin Haji Junaidi, អនុរដ្ឋមន្ត្រីទីស្តីការ Premier និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា ក្នុងរៀបចំដឹកនាំក្រុមអ្នកវិនិយោគមកកម្ពុជា ដើម្បីសិក្សាពីឱកាសវិនិយោគលើវិស័យស្រូវអង្ករ ផលិតផលកសិកម្ម ទីផ្សារប្រេង និងឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងការហោះហើរត្រង់ពីសារ៉ាវ៉ាក់មកភ្នំពេញ នៅដើមឆ្នាំ២០២៦។
ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួល និងរៀបចំឲ្យមានកិច្ចប្រជុំអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ដើម្បីស្វែងរកសន្តិភាពសម្រាប់ភាគីទាំងពីរ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានជម្រាបជូនពីវឌ្ឍនៈភាពនៅកម្ពុជា អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងវឌ្ឍនភាព នៃការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជាទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបឧបនាយករដ្ឋមន្ត្រី អំពីអតីតកាលពីឆ្នាំ២០១៩ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានជួយអន្តរាគមន៍ សម្រួលរំដោះ ប្រជាជនម៉ាឡេស៊ី៤៧ នាក់ដែលត្រូវបានគេឆបោក ហើយបានជាប់ពន្ធនាគារ នៅខេត្តបន្ទាយមានជ័យ ក្នុងនោះមានប្រជាជននៅរដ្ឋសារ៉ាវ៉ាក់ ៤០នាក់ អាចវិលត្រឡប់ទៅស្រុកកំណើតវិញ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី Dato’ Sri Haji Fadillah bin Haji Yusof បានសម្តែងការសប្បាយរីករាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ហើយលោកបានសម្តែងការស្វាគមន៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម របស់ឯកឧត្តមអភិបាលរដ្ឋសារ៉ាវ៉ាក់ ផងដែរ។ ចំពោះបញ្ហានៅតាមព្រំដែន លោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយសង្ឈឹមថា បទឈប់បាញ់នេះ នឹងត្រូវអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានសន្តិភាពយូរអង្វែង សម្រាប់ភាគីទាំងពីរ។
ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងអ្នកពាក់ព័ន្ធ ដែលបានជួយរំដោះប្រជាជនម៉ាឡេស៉ី អាចវិលត្រឡប់ទៅម៉ាឡេស៉ីប្រកបដោយសុវត្ថិភាព ហើយនឹងយករឿងនេះជម្រាបសហការីរបស់គាត់ឲ្យបានដឹងផងដែរ៕