ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដឹកនាំក្រុមហ៊ុនទេសចរណ៍ធំៗ ចូលជួបពិភាក្សាការងារបង្កើតកិច្ចសហការជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nguyễn Văn Được ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលបានដឹកនាំលោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ នៅទីក្រុងហូជីមិញ និងប្រទេសវៀតណាមជាច្រើនរូប។ ជំនួបនេះបានធ្វើឡើងនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំនៃមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌សៃហ្គន (SECC)។

រដ្ឋមន្រ្តី ហួត ហាក់ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនដល់ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ចំពោះគំនិតផ្តួចផ្តើមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងទីក្រុងហូជីមិញ និងកម្ពុជា ជាក់ស្តែង ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដោយសារប្រទេសទាំងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ ពិសេសរៀងៗខ្លួន ដែលអាចជួយបំពេញបន្ថែមគ្នាទៅវិញទៅមក សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរពីគ្រប់ទិសទីក្នុងពិភពលោក។

ទន្ទឹមនេះ រដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញលោក Nguyễn Văn Được និងលោក-លោកស្រី ប្រធានក្រុមហ៊ុនអញ្ជើញមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា។

តាមរយៈជំនួបប្រកបដោយសារៈសំខាន់ និងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីទាំងពីរ បានឯកភាពគ្នារៀបចំដំណើរទស្សនកិច្ចស្វែងយល់ពី សក្តានុពលទេសចរណ៍ (Famtrip) រវាងប្រទេសទាំងពីរ ដើម្បីឱ្យភាគីឯកជននៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នារៀបចំកញ្ចប់ទស្សនកិច្ចថ្មីៗ បន្ថែមទៀត ព្រមទាំងសហការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ឱ្យបានទូលំទូលាយដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក៕