ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឲ្យអ្នកអនុវត្តគម្រោងពន្លឿនការសាងសង់ឆ្នេរ ២,៧០០ម៉ែត្រ​ ដើម្បីឲ្យពលរដ្ឋចូលលេងកម្សាន្តបាននៅខែវិច្ឆិកាខាងមុខ


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក បានដឹកនាំ ក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ក្នុងនោះ លោកបានណែនាំ និងជម្រុញអោយអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបាន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

ដំណើរចុះពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អមដំណើរដោយ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ នឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្ត នឹងក្លាយជាទិសដៅ នៃការធ្វើដំណើរកម្សាន្ត របស់បងប្អូនប្រជាពលរដ្ឋពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាជួយទាក់ទាញអ្នកទេសចរ ចូលមកលេងខេត្តកែប កាន់តែច្រើនផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀត សម្រាប់ប្រជាជនខេត្តកែប ក្នុងសម័យតេជោ-ធិបតី។ គម្រោងនេះ នឹងលើកកម្ពស់ គុណភាពឆ្នេរប្រវែង២,៧០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចក្រុងកែប ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តប្រណិតតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត។

អភិបាលខេត្តក៏រំពឹងខ្ពស់ដែរថា ក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរ មកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ស្របពេលដែលតំបន់ទេសចរណ៍មានច្រើនជម្រើស ពិសេសឆ្នេរថ្មីរបស់យើង គឺឆ្នេរតេជោសន្តិភាពកែប ហើយការស្ថាបនាកាន់តែជិតរួចរាល់៕