ក្រសួងការងារ៖ ពលករខ្មែរមកពីថៃប្រមាណជាង២១ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈយន្តការក្រសួងនិងវិស័យឯកជនដែលមានក្នុងប្រព័ន្ធ ខណៈពលកររាប់ម៉ឺននាក់ផ្សេងទៀត ទទួលបានឱកាសការងារនៅតាមវិស័យឯកជនដែលមិនមាននៅក្នុងប្រព័ន្ធរបស់ក្រសួង


ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។

ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងទៀត ដែលមិនស្ថិតនៅក្នុងប្រព័ន្ធ។ នេះបើយោងតាមការឲ្យដឹងពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥នេះ។

ឯកឧត្តម ស៊ុន មេសា បានបន្ថែមថា នាពេលបច្ចុប្បន្ន នៅមានឱកាសការងារប្រមាណ ៩៥,១៨២កន្លែងផ្សេងទៀត នៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអតីតពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ អាចទាក់ទងមកកាន់លេខ ១២៩៧ ក៏ដូចជាទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានឱកាសការងារធ្វើទាំងនោះ។

ឯកឧត្តម បានបន្តថា ក្រៅពីជួយស្វែងរកឱកាសរាប់សែនកន្លែងហើយនោះ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចុះឈ្មោះជូនបងប្អូនអតីតពលកររាប់ម៉ឺននាក់ផងដែរ ដើម្បីឱ្យពួកគាត់បានចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលនឹងចាប់ផ្ដើមចូលរៀនក្នុងពេលឆាប់ៗខាងមុខនេះ។

នៅពេលរៀនចប់ បងប្អូនអតីតពលករ នឹងមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឲ្យឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង, រក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព, ប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារល្អជាដើម។

បន្ថែមលើនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា ក៏បានអំពាវនាវដល់សាធារណជនសូមចូលរួមក្នុងយុទ្ធនាការ «ខ្មែរជួយរកការងារឱ្យខ្មែរ» និងផ្ដល់ការងារឱ្យខ្មែរធ្វើ ដោយសូមជួយផ្ដល់លេខ ១២៩៧ ទៅកាន់បងប្អូនអតីតពលករដែលកំពុងស្វែងរកការងារធ្វើ ឬជួយចុះឈ្មោះឲ្យបងប្អូនតាមប្រព័ន្ធតេលេក្រាម (Telegram Bot) ដើម្បីឱ្យបងប្អូនអតីតពលករទទួលបានឱកាសការងារច្រើន និងឆាប់រហ័សបន្ថែមទៀត។

ឯកឧត្តម ស៊ុន មេសា ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានឱកាសការងារ សូមជួយផ្ដល់ឱកាសការងារទាំងនោះ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលរកបុគ្គលិក និងកម្មករជូន ក៏ដូចជាផ្ដល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។

គួររំលឹកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្របសម្រួលជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។

វិធានការបន្ទាន់ទាំងនោះរួមមាន៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន, ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧, ការចុះទៅតាមរោងចក្រ-សហគ្រាស និងក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់បងប្អូនអតីតពលករ, ការទៅទទួលបងប្អូនអតីតពលករដោយការយកចិត្តទុកដាក់, ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារជូនបងប្អូនអតីតពលករ, និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណ ចំពោះបងប្អូនអតីតពលករ ដែលស្វែងរកការងារធ្វើ ជាដើម។

តាមរយៈវិធានការ និងការសម្រួបសម្រួលខាងលើនេះ មានបងប្អូនអតីតពលករខ្មែររាប់ម៉ឺន រាប់សែននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យបងប្អូនអតីតពលករផ្សេងទៀត ទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ៕