សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងផ្លូវរដ្ឋ ជូនប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ


នារាត្រីដ៏សែនមនោរម្យថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងផ្លូវរដ្ឋប្រកបដោយមហាកិត្តិយស​ជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១​ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady LOUISE ARANETA-MARCOS)​ ព្រមទាំងគណៈប្រតិភូ។

ពិធីជប់លៀងផ្លូវរដ្ឋនេះ ត្រូវបានរៀបចំធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ពិធីជប់លៀងផ្លូវរដ្ឋបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនរីករាយ និងមនោ​សញ្ចេត​នា​យ៉ាងជ្រាលជ្រៅបំផុត។ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់លោកប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ដឹកនាំគណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី​ហ្វី​លីពីន​នៅកម្ពុជានាពេលនេះ ស្តែងឱ្យឃើញពីការផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់​ដល់​ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ដែលមានអាយុកាល៦៨ឆ្នាំហើយ។

ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ក៏បានបង្ហាញនូវទឹកចិត្តប្រកបដោយមនោសញ្ចេតនា​រីក​រាយក្រៃលែងក្នុងការបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាទឹកដីដែលមានវប្បធម៌ អរិយធម៌ចំណាស់ និងស្រស់បំព្រង។ លោកប្រធានាធិបតី បានថ្លែងអំណរគុណ​សម្តេច​តេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ចំពោះដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនាពេលនេះ។

ឯកឧត្តមប្រធានាធិបតី ក៏បានបង្ហាញការកត់សម្គាល់នូវសារៈសំខាន់នៃទំនាក់ទំនងរវាង​កម្ពុជា និងហ្វីលីពីន ហើយបានប្រកាសប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែល្អប្រសើរ៕