(កណ្តាល)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ហេង ពៅ បុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំងទីប្រឹក្សាជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា និងពុទ្ធបរស័ទចំណុះជើងវត្តបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ពិធីកាន់បិណ្ឌជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែង គោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានចែកឋាន ទៅលោកខាងមុខ។ ហើយប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃគង់នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។
សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដ នមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងជូន ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។
ក្នុងពិធីកាន់បិណ្ឌទី៤នេះដែរ សម្តេចពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី, ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេននូវទេយ្យទាន ទេយ្យវត្ថុរួមមាន៖ អង្ករចំនួន១តោន ទឹកបរិសុទ្ធវីតាល់ចំនួន១៥កេស ទឹកក្រូចចំនួន១៥កេស មីជាតិចំនួន២កេសធំ ត្រីខចំនួន២កេសធំ ទឹកដោះគោខាប់ចំនួន២បាវ ស្កសរចំនួន២កេសធំ ប៊ីចេងចំនួន៩កញ្ចប់ ស្លាដក៩កញ្ចប់ និងប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត ៥០ម៉ឺនរៀល ព្រះសង្ឃទាំង ៨អង្គ ក្នុង១អង្គបច្ច័យ ១០ម៉ឺនរៀល និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ២០៥អង្គ ក្នុង១អង្គ បច្ច័យ ២ម៉ឺនរៀល ស្មើនឹង ៤លាន ១០ម៉ឺនរៀល និងចូលបច្ច័យកាន់បិណ្ឌវេនទី៤ ចំនួន ១៥លានរៀល៕