រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤រោជ ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូន ឯកឧត្តម Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន ៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។
ឯកឧត្តម Sardar Umar Alam បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមក។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថានេះជាលើកទី១ ហើយសម្រាប់ឯកឧត្តម ដែលបានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលកន្លងមក UNESCO ធ្លាប់បានសហការជាមួយក្រសួង-ស្ថាប័ន្ថជាតិចំនួន១២ រួចមកហើយលើការងារអភិវឌ្ឍន៍ និងអភិរក្សក្នុងវិស័យវប្បធម៌ វិស័យអប់រំ វិស័យទេសចរណ៍ និងវិទ្យាសាស្ត ហើយតាមរយៈជំនួបថ្ងៃនេះ ឯកឧត្តម ពិតជាទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញអំពីការតាំងចិត្ត ក្នុងការចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើការងារអភិវឌ្ឍន៍នៅជនបទដែល UNESCO អាចចូលរួមបានដូចជាការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះជាដើម។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Sardar Umar Alam និងសហការីដែលបានអញ្ជើញមកនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះការបង្ហាញអំពីឆន្ទៈរបស់ UNESCO ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថាក្រសួងអភិវឌ្ឍន៍គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយ UNESCO ដើម្បីធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនឯកឧត្តមតំណាង UNESCO និងសហការី ផងដែរ៕