ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុញ្ញតឲ្យសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យអុំអាល់គូរ៉ា ទីក្រុងម៉ាក្កះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិវឌ្ឍន៍សហគមន៍ឥស្លាម នៅកម្ពុជា


នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញតឲ្យលោក បណ្ឌិត Abu Zaid Bin Mohammad Makki Al Qabi អ៉ីមាំ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យអុំអាល់គូរ៉ា ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា នៅការិយាល័យទេសរដ្ឋមន្ត្រី រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោកបណ្ឌិត Abu Zaid Bin Mohammad Makki Al Qabi បានបង្ហាញពីគោលបំណងសំខាន់មួយ ដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងនេះ គឺដើម្បីសិក្សាបង្កើតមហាវិទ្យាល័យមួយនៅកម្ពុជា និងឈានទៅបើកសាកលវិទ្យាល័យផងដែរនាពេលអនាគត ដោយផ្តោតទាំងផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស ក្នុងការដំណើរការមហាវិទ្យាល័យនេះ។

ក្នុងឱកាសនេះ លោកបណ្ឌិត បានស្នើឲ្យឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សហការជាមួយផ្ទាល់តែម្តង ក្នុងការបង្កើតស្ថាប័នអប់រំនេះឡើង ដែលជាសាកលវិទ្យាល័យ សម្រាប់សហគមន៍ឥស្លាមកម្ពុជា ហើយលោកបណ្ឌិតបានបញ្ជាក់ដែរថា មូលហេតុដែលលោកចង់បង្កើតមហាវិទ្យាល័យនៅកម្ពុជា គឺដើម្បីកាត់បន្ថយការបញ្ជូនសិស្សនិស្សិតឥស្លាម ទៅបន្តការសិក្សានៅក្រៅប្រទេស ឲ្យមកសិក្សាក្នុងប្រទេសកម្ពុជាផ្ទាល់ ហើយព្រមទាំងផ្តល់ឱកាសឲ្យសិស្សនិស្សិតនៅប្រទេសជិតខាង ដូចជា ឡាវ និងវៀតណាម អាចមកបន្តការសិក្សានៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏ដូចជា រាជរដ្ឋាភិបាលបានបង្ហាញការគាំទ្រចំពោះ គំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត Abu Zaid Bin Mohammad Makki Al Qabi ក្នុងការបង្កើតមហាវិទ្យាល័យមួយនៅកម្ពុជា ដែលស្របនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន ព្រោះកាលពីមុនសិស្សនិស្សិតឥស្លាមមានប្រហែល៥ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង ៦ម៉ឺននាក់ ហើយក្នុង១ឆ្នាំៗ បានបញ្ជូនទៅបន្តការសិក្សានៅក្រៅប្រទេសចន្លោះ ពី១៥០ ទៅ២៥០នាក់។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានថ្លែងបន្ថែមយ៉ាងដូច្នេះថា «នេះជារឿងមួយដែលខ្ញុំគាំទ្រ ហើយថ្នាក់ដឹកនាំខ្ញុំទាំងអស់គាំទ្រផងដែរចំពោះការបង្កើតស្ថាប័នអប់រំនេះ ហើយក៏អរគុណលោកបណ្ឌិត ដែលនឹងដើរតួសម្រាប់ជួយកិច្ចការរបស់សហគមន៍ឥស្លាម»

ឯកឧត្តមបានឲ្យដឹងថា កន្លងមកអង្គការសមាគមនានាក្រៅប្រទេស ក៏បានមកធ្វើកិច្ចការឃោសនាអប់រំ(Dawah) នៅកម្ពុជា ដោយពុំមានការរារាំង និងហាមឃាត់ពីរាជរដ្ឋាភិបាលអ្វីឡើយ ឲ្យតែប្រកាន់កណ្តាលនិយម។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានជម្រាបពីអំពីសមិទ្ធផលនៃសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបាន ដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

លោកបណ្ឌិត Abu Zaid Bin Mohammad Makki Al Qabi ជាសាស្ត្រាចារ្យដែលមានឈ្មោះបោះសម្លេងក្នុងវិស័យឃោសនាអប់រំ(Dawah) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយគាត់មានគម្រោងវ៉ាកាហ្វ ជាច្រើនដែលកំពុងដំណើរការនៅទីក្រុងម៉ាក្កះ។

លោកបណ្ឌិត បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង មានដូចជា សិក្សាស្វែងយល់ស្ថានភាពទូទៅអំពីសហគមន៍ឥស្លាមកម្ពុជា សិក្សាស្វែងយល់អំពីវិស័យអប់រំឥស្លាមក្នុងប្រទេសកម្ពុជា និងសិក្សាបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលអ្នក Dawah មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (ដោយយកកម្ពុជាជាចំនុចកណ្តាល)៕