សម្តេចភក្តី សាយ ឈុំ និងក្រុមគ្រួសារ អញ្ជើញ ចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា (កណ្តាលកោះសូទិន) និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន


នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត វិសុទ្ធិវង្សា(កណ្តាលកោះសូទិន) បានរៀបចំដាក់បិណ្ឌវេនទី៧ តាមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយមានវត្តមានរបស់អាជ្ញាធរខេត្តកំពង់ចាម (ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត) អាជ្ញាធរស្រុកកោះសូទិន និងឃុំកោះសូទិនផងដែរ បានអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យ នេះប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា សោមនស្សរីករាយ ពោពេញដោយក្តីសប្បុរសដ៏ជ្រាលជ្រៅបំផុត រួមចំណែកលើកតម្កើងប្រពៃណីជាតិខ្មែរឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។
និងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ នៅសាលាបុណ្យ សិ្ថតក្នុងភូមិកណ្តាលកោះសូទិន(ដែលជាភូមិកំណើតរបស់សម្តេច) សម្តេចភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយមាន មាតាបិតា ជីដូនជីតា បងប្អូនប្រុស ស្រី និងញាតកា៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានគុណទាំងនោះ បានរួចផុតពីទុក្ខទោសទាំងឡាយទាំងពួង និងសូមបានទៅសោយសុខក្នុងសុគតិភពជាទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕