រដ្ឋបាលខេត្តត្បូងឃ្មុំ នាំយកចង្ហាន់វេរប្រគេនព្រះសង្ឃនៅវត្តភ្នំទួល នាថ្ងៃកាន់បិណ្ឌវេនទី៧ និងឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី


រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ  ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តសុវណ្ណគិរីគង់សំរិទ្ធ (វត្តភ្នំទួល) ស្ថិតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ។

វេនបិណ្ឌទី៧ ត្រូវនឹងព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន កុសល្យ និងអ្នកចូលរួមកាន់វេនបិណ្ឌទាំងអស់ បានអុចទៀន ធូប ថ្វាយគ្រឿងសក្ការៈបូជាព្រះ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ជាងនេះទៅទៀតនោះ ក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីការឈ្លានពានរបស់ថៃ មកលើកម្ពុជាយើង។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ជូនព្រះសង្ឃ និងប្រគេនបច្ច័យមួយចំនួនដល់ចៅអធិការ គណៈកម្មការវត្ត ដើមី្បទុកប្រើប្រាស់ និងបន្តកសាងសមិទ្ធផលនានា នៅក្នុងទីអារាមមួយនេះ៕