សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី កាវ ស៊ីថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី កាវ ស៊ីថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា៖ «ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ជនរួមជាតិ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានបំពេញករណីយកិច្ចដ៏សកម្មតាំងពីចលនាតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានរួមចំណែកបញ្ចប់សង្គ្រាម ព្រមទាំងបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគ្រប់គោលនយោបាយដែលបានដាក់ចេញ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តនៃប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត ប្រកបដោយគុណសម្បត្តិនៃការលះបង់ ស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់។

ក្នុងវេលាពោរពេញដោយទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់។ ខ្ញុំសូមឧទ្ទិសកុសល និងបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»