ក្នុងឱកាសមានវត្ថមានបំពេញការងារ នៅខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជារួមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ជាភរិយាឥស្សរជនមួយចំនួនទៀត នៅរសៀលថ្ងៃអាទិត្យ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកទេយ្យវត្ថុគ្រឿងអត្ថបរិក្ខា និងបច្ច័យជាសទ្ធាជ្រះថ្លា របស់សម្តេចផ្ទាល់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសានា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិកាវត្តរាជបូណ៌ ដើម្បី រួមចំណែកឧបត្ថមព្រះសង្ឃរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។
ក្នុងឱកាសអញ្ជើញដល់ទីអារាមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញអុចធូបទៀនថ្វាយផ្កាភ្ញីប្រទីបជ្វាលា ចំពោះ ព្រះពុទ្ធបដិមានិងធ្វើបទនមស្កាជាកិច្ចរំលឹកនឹក ដល់គុណបុណ្យព្រះរតនត្រ័យពិសេសព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ អត្ថបរិក្ខា និងបច្ច័យជា សទ្ធាជ្រះថ្លាសម្តេចកិត្តិនិងសម្តេចតេជោ ដែលត្រូវប្រគេនព្រះសង្ឃវត្តរាជបូណ៌នាពេលនេះរួមមាន៖ អង្ករ ២០០គក្រ, មី ២កេសធំ, ត្រីខ២កេស, ទឹកដោះគោខាប់២កេស, ស្ករស ១០គីឡូក្រាម,តែ ២គីឡូក្រាម, កាហ្វេ១កេស, មីឡូ១កេស, នំ១កេស, មៀនកំប៉ុង១កេស, ទឹកក្រូច២០កេស, ទឹកផ្លែឈើ២០កេស, ទឹកសុទ្ធ៣០កេស, ត្រីងៀត១៥គីឡូក្រាម, សាច់ក្រក១០គីឡូក្រាម និងបច្ច័យ៤០លានរៀល។
ក្រៅពីគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានសទ្ធាជ្រះថ្លា យកចិត្តទុកដាក់ទំនុកបំរុងនូវ ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យដ៍ថ្លៃថ្លា សម្រាប់ព្រះសង្ឃគ្រប់អង្គ ដែលគង់នៅទីអារាមរាជបូណ៌នេះ សម្តេច ព្រះព្រហ្មរតនមុនី ពិន សែម សូមឧទ្ទិសកុសលផលបុណ្យ ដែលកើតឡើង ពីសទ្ធា ដ៍ថ្លៃថ្លានាថ្ងៃនេះ ជូនចំពោះវិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌីប៉ុក បិតាមាតា បង្កើតសម្តេចតេជោ, វិញ្ញាណក្ខ័ន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខ័នកុមារា ហ៊ុន កំសត់ ជាបុត្រាច្បងរបស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
មួយផ្នែកទៀតក៏សូមលើក ថ្វាយចំពោះគុណបុណ្យព្រះរតនត្រ័យនិងទេវតាទាំង ១ម៉ឺនលោកធាតុ ព្រមទាំងវត្តុសក្តិសិទ្ធិ ក្នុងលោកសូមជួយប្រោះព្រំប្រសិទ្ធិពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ និង ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចំរើនមានសន្តិភាពយូរអង្វែង និងបន្តស្ថិតនៅជាអគ្គពុទ្ធសានូប ត្ថមទ្រទ្រង់ព្រះពុទ្ធសាសនាជានិច្ចនិរន្តតរៀងទៅ៕