អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ


ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យក្រុងស្ទឹងត្រែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

នាឱកាសនោះឯកឧត្តម សរ សុពុត្រា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ដល់បងប្អូន រត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនអ្នកប្រកបរបររថយន្តកង់ពីរជាសាធារណៈ និងភ្នាក់ងារអនាម័យ ទាំងអស់ ត្រូវបន្តគោរពច្បាប់ចរាចរណ៍ យកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការបម្រើសាធារណៈ និងរក្សាអនាម័យសាធារណៈឲ្យបានល្អប្រសើរ ដើម្បីបង្កើនរូបភាពស្អាតស្អំរបស់ទីក្រុងស្ទឹងត្រែង។

ពិធីសំណេះសំណាលនេះ ក៏ជាឱកាសដ៏សាមគ្គី ឲ្យរដ្ឋបាលខេត្ត និងបងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ បានជួបជុំគ្នា បង្កើនការយោគយល់ និងទំនាក់ទំនងល្អ ក្នុងការចូលរួមអភិវឌ្ឍទីក្រុងឲ្យមានសណ្តាប់ធ្នាប់ និងភាពរីកចម្រើន។

ក្នុងកម្មវិធីនេះក៏មានវត្តមានពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមមាន ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងនាយករងផងដែរ ដែលបានចូលរួមជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តដល់បងប្អូនដែលមានតួនាទីសំខាន់ក្នុងសង្គមប្រចាំថ្ងៃ៕