ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីនិងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «សក្តានុពលវិស័យទេសចរណ៍កម្ពុជា និងភាពប្រកួតប្រជែងក្នុងតំបន់» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រី មធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩៧៨អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់នៅក្នុងសហសាលចំនួន ២៤២អង្គ/នាក់ និងពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៧៣៦អង្គ/នាក់។
នាឱកាសនោះលោក ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាលតំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ ការរៀបចំកម្មវិធីបាឋកថា ក្នុងពេលនេះក៏ដូចជាបាឋកថាកន្លងមក មានគោលបំណងសំខាន់ៗចំនួន២ គឺ (១) ដើម្បីផ្តល់ឱកាសជូនកម្មសិក្សាការី បានជួបប្រាស្រ័យនិងទទួលការណែនាំពីលោករដ្ឋមន្ត្រី ដោយផ្ទាល់ និង (២) ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹងពីលោករដ្ឋមន្ត្រី ផងដែរ។
លោក ស៊ុង វិនទិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានចាត់ទុកថា ការគាំទ្រ និងការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ក្នុងការជួយជំរុញ និងពង្រឹងដំណើរការនៃការបណ្តុះ បណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីលើកកម្ពស់គុណ ភាពមូលធនមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍ម្រាប់ការបម្រើជាតិមាតុភូមិ ស្របតាម ចក្ខុវិស័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម យក់ ប៊ុនណា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃសាលាភូមិន្ទរដ្ឋបាល ដែលបានសហការរៀបចំនៅកម្មវិធីបាឋកថានេះ សំដៅចែករំលែកពុទ្ធិសំខាន់ៗ និងការរួមចំណែកក្នុងការបណ្តុះទឹកចិត្តដល់លោក លោកស្រី ឲ្យបានយល់ច្បាស់អំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ដើម្បីបំផុសទឹកចិត្តឲ្យយើងទាំងអស់គ្នាកាន់តែមានមោទនភាពជាតិ និងចាប់អារម្មណ៍ស្រលាញ់ការពារទឹកដីនិងចូលរួមទាំងអស់គ្នាសំដៅចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យទេសចរណ៍របស់កម្ពុជា មានលក្ខណៈជាប្រព័ន្ធ ដែលជាវិស័យអាទិភាពត្រូវបានថ្នាក់ដឹកនាំកំណត់ថាជា «មាសបៃតង» ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងមុខរបរ, ប្រាក់ចំណូល, ការជំរុញការនាំចេញ, ការទាក់ ទាញការវិនិយោគ, ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ, ការការ ពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
សូមបញ្ជាក់ដែរថា មាតិកានុក្រមនៃបាឋកថារបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដែលត្រូវលើកយកមកធ្វើបទបង្ហាញរួមមាន៖ ទី១៖ សេចក្តីផ្តើម ទី២៖ សក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ទី៣៖ យុទ្ធនាការទស្សនាកម្ពុជា នៅក្នុងរដូវកាលបៃតង និងទី៤៖ អនុសាសន៍៕