លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង


ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍លោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលលោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង បានដឹកនាំប្រតិភូគណៈកម្មាធិការទីក្រុងប៉េកាំងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចពិភាក្សាការងារ គឺផ្តោតសំខាន់ការបង្កើននូវទំនាក់ទំនងកាន់តែរឹងមាំ និងកិច្ចសហការដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ជាពិសេសលើការងារកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន អំពើភេរវកម្ម និងបទល្មើសឆបោកតាមអនឡាញ ដើម្បីពង្រឹងការងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ៕