ប្រកាសឱ្យចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបង ចំនួន២រូប, មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ


ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តបាត់ដំបងចំនួន ២រូប។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, មេបញ្ជាការ, សមាជិកក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មន្រ្តីរាជការ តាមបណ្ដាមន្ទីរ អង្គភាពនានាក្នុងខេត្តយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៣រូប ដូចមានរាយនាមខាងក្រោម៖

*ទី១៖ លោក សឿម ប៊ុនរិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរងខេត្តបាត់ដំបង ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
*ទី២៖ លោក ស្រេង ហុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរងអភិបាលខេត្តកោះកុង ឱ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តបាត់ដំបង។
*ទី៣៖ លោក ហេង វណ្ណនី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលរងខេត្តកំពង់ចាម ឱ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តបាត់ដំបង។ ចំណែក លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ត្រូវបានផ្ទេរឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។

ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងការកែលម្អបរិយាកាសវិនិយោគនៅក្នុងខេត្ត។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្តែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីភារកិច្ចកន្លងមក ក្នុងសម្រេចបានសមិទ្ធផល ការងារជាច្រើន រក្សាបានស្ថិរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងសមិទ្ធផលនានាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអភិបាលរងខេត្តទាំង២រូប ដែលទើបទទួលតួនាទីថ្មី ត្រូវបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ។

លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបង ទើបចូលកាន់តំណែងថ្មី បានបង្ហាញការប្ដេជ្ញាចិត្តខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូន រាជរដ្ឋាភិបាល និងបម្រើប្រជាជននៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

លោក ស្រេង ហុង បានប្ដេជ្ញាគោរព និងប្រតិបត្តិការប្រកបដោយភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល និងប្រជាជនស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការពារថែរក្សាសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យកម្លាំងណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ៕