ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ITEC 2025


ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ដែលហៅថា ITEC ក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,​ ឯកឧត្តម Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រី និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត នៅសណ្ឋាគារ Raffles Hotel Le Royal។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តលក្រោមកម្មវិធី ITEC ។

ពិធីនេះក៏មានការចូលរួមពីលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាទីប្រឹក្សាសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន សមាគមអតីតនិស្សិតកម្ពុជា-ឥណ្ឌា ឯកឧត្តមបណ្ឌិត ឃី សុវណ្ណ រតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងរួមជាមួយនឹងអតីតអ្នកចូលរួម វគ្គបណ្តុះបណ្តាលខ្លីនិស្សិតជាង ១០០នាក់។

នាឱកាសនោះ ឯកឧត្តម Vanlalvawna Bawitlung បានគូសបញ្ជាក់ថា កម្មវិធី ITEC ជាវេទិកាពង្រឹងសមត្ថភាពរបស់ក្រសួងកិច្ចការបរទេសរដ្ឋាភិបាលឥណ្ឌា និងជាក្របខ័ណ្ឌស្ថាប័ន ដ៏ចំណាស់បំផុតមួយសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ឯកឧត្តមបានកត់សម្គាល់ថា កម្មវិធី ITEC ផ្តល់ឱកាសបណ្តុះបណ្តាលដោយផ្ទាល់ ដែលផ្តល់ការឧប្បត្ថម្ភលេញសម្រាប់ អ្នកចូលរួមជាង ១២ ០០០នាក់ជារៀងរាល់ឆ្នាំ តាមរយៈ វគ្គបណ្តុះបណ្តាលជាង ៣០០ដែលធ្វើឡើងដោយស្ថាប័នធំៗជាង ១២០នៅក្នុងប្រទេសឥណ្ឌា។ រហូតមកដល់ពេលនេះមន្ត្រីជាង ២២៥,០០០នាក់មកពីជាង ១៦០ប្រទេសត្រូវបានបណ្តុះបណ្តាលក្នុង វិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើមនេះ។

ឯកអគ្គរដ្ឋទូត Vanlalvawna ក៏បានជម្រាបជូនអង្គពិធីអំពីកំណែទម្រង់ដ៏សំខាន់នាពេលថ្មីៗនេះ ដោយប្រទេសឥណ្ឌា បានធ្វើការកែប្រែប្រព័ន្ធអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) របស់ខ្លួនដែលត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៧។

ឯកឧត្តមបាននិយាយថា ប្រព័ន្ធអត្រាពន្ធ GST ជំនាន់ក្រោយដែលជាចំណុចស្នូលសម្រាប់ ប្រជាពលរដ្ឋទូទៅ គឺសំដៅលើការសម្រួល ដល់ការយកពន្ធ ដើម្បីជួយប្រជាពលរដ្ឋទូទៅ និងជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ។

ការកំណែទម្រង់ប្រព័ន្ធអត្រាពន្ធ GST នឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធអត្រាសនិទានកម្ម និងបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្ម។ ចំណុចសំខាន់នៃកំណែទម្រង់គឺការផ្លាស់ប្តូរពីប្រព័ន្ធដែលមាន ច្រើនកម្រិតដែលមានរហូតដល់ ៥ប្រព័ន្ធអត្រាពន្ធផ្សេងគ្នាទៅជារចនាសម្ព័ន្ធពីរប្រភេទ ដែលមានភាពងាយស្រួលជាងមុនគឺ អត្រាពន្ធ ៥% និង ១៨% ជាមួយនឹងអត្រាពន្ធបន្ថែម ៤០% សម្រាប់ទំនិញប្រណីត និងទំនិញមួយចំនួនទៀតដូចស្រា និងបារីជាដើម។

ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគនៅកម្ពុជាទាញយកអត្ថប្រយោជន៍ពីកំណែទម្រង់ប្រព័ន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌា និងស្វែងរកឱកាសដើម្បីធ្វើការវិនិយោគពីធុរកិច្ចកម្ពុជា។

តាមរយៈកម្មវិធី ITEC ឥណ្ឌាផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាលក្នុងវិស័យផ្សេងៗ រួមមាន IT ធនាគារ រដ្ឋបាល និង សវនកម្ម ក្នុងចំណោមផ្នែកផ្សេងៗទៀត។ កម្មវិធី បណ្តុះបណ្តាលនេះ ផ្តល់ជូនដល់ទាំងមន្រ្តីស៊ីវិល និងមន្ត្រី និងទាហានមកពីក្រសួងការពារជាតិ ហើយរដ្ឋាភិបាលឥណ្ឌា ជាអ្នកទទួលរាប់រងលើការចំណាយ ទាំងអស់ទាក់ទងនឹងថ្លៃសំបុត្រយន្តហោះអន្តរជាតិ ទៅវិញទៅមក និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលត្រូវ បានជ្រើសរើស។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធី ITEC មក នៅក្នុងប្រទេសកម្ពុជា មន្ត្រីកម្ពុជាប្រមាណជាង ៣០០០នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ក្រោម កម្មវិធី ITEC ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាសរុបចំនួន ២៩៤នាក់បានចូលរួមក្នុងកម្មវិធីនេះ។

ការបង្ហាញការចាប់អារម្មណ៍ និងការលើកទឹកចិត្តពីអតីតអ្នកចូលរួមវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី ITEC លោកស្រី ឡាយ កណ្ណិកាអគ្គនាយករង នៃក្រសួងទេសចរណ៍។ លោកស្រី បានចែករំលែកអំពីដំណើរការ និងបទពិសោធផ្ទាល់ខ្លួនរបស់លោកស្រី និងឥទ្ធិពលជាវិជ្ជមានដែលកម្មវិធីវគ្គបណ្តុះបណ្តាល ដែលមានលើអាជីពរបស់ពួកគេ៕