(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួរសារសពនាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៨ឆ្នាំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ។
សម្តេចពិជ័យសេនាទៀ បាញ់ បានរៀបរាប់ថា នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ជាថ្នាក់ដឹកនាំមួយរូបនៅក្រសួងការពារជាតិ ដែលបានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។ ការទទួលមរណភាព របស់នាយឧត្តមសេនីយ៍ គឺជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាច្រើនក្នុងបុព្វហេតុជាតិ។ មរណភាពរបស់នាយឧត្តមសេនីយ៍ ក៏ជាការបាត់បង់នូវស្វាមី និងឪពុកមួយរូបជាទី គោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេសនាយឧត្តមសេនីយ៍ បានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ហេង បូរិន្ទ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពនាយឧត្តមសេនីយ៍ ហេង បូរិន្ទ ត្រូវតម្កល់រៀបចំពិធីបុណ្យ តាម ប្រពៃ ណីព្រះពុទ្ធសាសនានៅផ្ទះBT២ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕