គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានលើកមកជជែកក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម វ៉ាង យី


(ប៉េកាំង, ចិន)៖ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហ​ប្រធាន​គណៈ​កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធាន​ការិយាល័យ​គណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋ​មន្ត្រី​ការបរទេសចិន។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេសចិន, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គ​លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិ​ការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិ​យោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យាជា​ដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែក​ជីក​ហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោង​សាង​សង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើប​កម្មប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជា​ទៅកាន់ប្រទេស​ចិន​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជា​ដើម។

លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះឯកឧត្តម វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍​យ៉ាង​កក់​ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈលោក​ទើប​អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុបនាពេលថ្មីៗនេះ។ ការ​ស្វា​គមន៍​នេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងឯកឧត្តម វ៉ាង យី និងឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះប្រទេសចិន ដែលទទួលបានភាព​ជោគ​ជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក និងពិធី​រំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ប្រជាជនចិន តស៊ូប្រឆាំង​ការឈ្លានពាន​ និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលថ្មីៗនេះ។

ជាមួយគ្នា​​នេះ​ដែរ ភាគីមិត្តបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល​រួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍​វាស​នារួម និងផលប្រយោជន៍ទៅវិញទៅមក។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះការគាំទ្រឥតឈប់ឈររបស់ ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ បានមាន​ភាព​រីកចម្រើនគួរឱ្យកត់សម្គាល់ ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាល​ពី​ឆ្នាំ២០១២មានទំហំតិចជាង ៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤ កើន​ឡើង​​ដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ តំបន់សេដ្ឋកិច្ចពិសេសបាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។

បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះ​មាន ១១តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់​ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមក​បណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។ ជាមួយគ្នានេះ​ដែរ​ចំពោះ​ការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕