(រដ្ឋធានីប៉េកាំង, ចិន)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោក ចិន ស៊ែវតុង (Chen Xiaodong) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (China International Development Cooperation Agency – CIDCA)។
ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក រួមមាន៖ គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ ព្រមទាំងគម្រោងផ្សេងៗទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ និងការកសាងសមត្ថភាពជំនាញក្នុងវិស័យសំខាន់ៗដូចជា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងវប្បធម៍ជាដើម។
បន្ទាប់ពីជំនួបពិភាក្សាលើគម្រោងទាំងអស់នេះរួច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានឆ្លៀតឱកាសនេះអញ្ជើញលោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងដែរ។ លោក ចិន ស៊ែវតុង បានឆ្លើយតបជាវិជ្ជមានលើសំណើអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកភាពនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
កម្ពុជាបានបោះជំហានយ៉ាងលឿនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន តាមរយៈភាពជាដៃគូជាមួយប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងមានការគាំទ្រពីទីភ្នាក់ងារ CIDCA ផងដែរនោះ បានសាងសង់ផ្លូវជាតិប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានសំខាន់ៗចំនួន១៦ ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់៕