ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ម៉ម ណាវី ចំពោះដំណឹងមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយនឹងលោកជំទាវ ម៉ម ណាវី ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង ដ៏ក្រៀមក្រំថា ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ មិនត្រឹមតែជាការបាត់បង់នូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ សូមបានដល់ឋានបរមសុខ និងឆាប់បានយោន យកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ម៉ម ណាវី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕