(ទីក្រុងណាននីង)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើនូវអាទិភាពសំខាន់ៗចំនួនបីប្រការ ដល់កិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល ក្រោមប្រធានបទ «សុខភាពសម្រាប់ការអភិវឌ្ឍន៍រួម»ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន។
ការស្នើយ៉ាងដូច្នេះរបស់លោកជំទាវ ក្នុងឳកាសតំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចូលរួមថ្លែងសន្ទុរកថាបើកវេទិកាកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
លោកជំទាវ បានថ្លែងថា លោកជំទាវ ពិតជាមានកិត្តិយសទទួលបានការចាត់តាំងធ្វើជាតំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល ក្រោមប្រធានបទ «សុខភាពសម្រាប់ការអភិវឌ្ឍន៍រួម៖ ក្នុងយុគសម័យនៃបញ្ញាឌីជីថល» ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសមាសភាពថ្នាក់ដឹកនាំជាច្រើននាក់ចូលរួម មានដូចជារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី គណៈប្រតិភូនៃប្រទេសអាស៊ាន និងប្រទេសចិន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសចិន និងអង្គការផ្សេងៗ។
ក្នុងឳកាសនោះចូលរួមថ្លែងសន្ទុរកថាបើកវេទិកាកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល លោកជំទាវ បានថ្លែងថា «នេះជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ ដែលបានឈរនៅទីនេះចំពោះមុខអ្នកទាំងគ្នាក្នុងវេទិកាសុខាភិបាលចិន-អាស៊ានលើកទី៥ ក្រោមប្រធានបទថ៏សំខាន់ឆ្លុះបញ្ចាំងនូវក្តីសង្ឃឹមរួម និងជាការណែនាំឱ្យយើងអាចសហការការងារយ៉ាងមានប្រសិទ្ធភាពនាពេលអនាគត។ដើម្បីសម្រេចនូវគោលដៅអនាគតសុខភាពល្អនាពេលខាងមុខ លោកស្រីសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះសុខភាព ដែលសុខភាពមិនមែនត្រឹមតែជាបញ្ហាអាទិភាពប៉ុណ្ណោះនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះចម្បងដ៏សំខាន់នៃមនុស្សជាតិ និងការអភិវឌ្ឍរួម»។
លោកជំទាវ បានថ្លែងទៀតថា «សុខភាព ជាគន្លឹះនាំឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព សម្បូរបែប និងមានសន្តិភាពយូរអង្វែងនៅទូទាំងតំបន់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង បានផ្តល់នូវគំនិតផ្តួចផ្តើមផ្លាស់ប្តូរ ដូចជារបៀបវារៈនៃការអភិវឌ្ឍសុខភាពក្រោយឆ្នាំ២០១៥ របស់អាស៊ាន និងផ្លូវសូត្រសុខភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាពិសេសការរួបរួមគ្នាដែលយើងបានអនុវត្តន៍ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយយើងបានចែករំលែកវ៉ាក់សាំងបង្ការ ថ្នាំព្យាបាល និងចំណេះដឹងសំខាន់ៗបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការខិតខំនាពេលអនាគតរបស់យើង ដោយធានាបាននូវថ្ងៃស្អែកកាន់តែភ្លឺស្វាង និងមានសុខភាពល្អសម្រាប់យើងទាំងអស់គ្នា។ ផ្លូវសូត្រសុខភាពនេះគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការដោយសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក។ ចក្ខុវិស័យរបស់យើង គឺជាការចងក្រងភាពជាដៃគូដើម្បីពង្រឹងជំនួយក្នុងតំបន់ ជាពិសេសសម្រាប់នៅក្នុងប្រទេសដូចជាកម្ពុជា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការកសាងសមត្ថភាព និងការឆ្លើយតបបន្ទាន់ភ្លាមៗ។ កិច្ចសហប្រតិបត្តិការនេះ ជាភស្តុតាងបង្ហាញពីទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងអាស៊ាន និងចិន ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រស់រវើក និងវិបុលភាពរបស់ប្រជាជនយើង។
ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូរបស់យើងបន្ថែមទៀត លោកជំទាវបានស្នើនូវអាទិភាពសំខាន់ៗចំនួនបីប្រការ ដើម្បីដឹកនាំឆ្ពោះទៅរកគោលដៅរួមមានដូចតទៅ៖
១៖ ជាដំបូង៖ សូមយើងរួមគ្នាលើកកម្ពស់សន្តិសុខសុខភាពសាធារណៈ។ នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក សុវត្ថិភាពនៃសហគមន៍របស់យើង ពឹងផ្អែកលើសមត្ថភាពរបស់យើងក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសុខភាព។ ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធឆ្លើយតបរហ័ស អាចបង្កើតសំណាញ់សុវត្ថិភាពដ៏រឹងមាំ ការពារសហគមន៍របស់យើងពីការគំរាមកំហែងផ្នែកសុខភាពដែលជិតមកដល់។ គំនិតផ្តួចផ្តើមការចូលរួមគ្នារវាង ACPHEED របស់អាស៊ាន និងអ្នកជំនាញមានបទពិសោធន៍របស់ចិន នឹងមានសារៈសំខាន់ក្នុងការកសាងការការពារដ៏រឹងមាំប្រឆាំងនឹងបញ្ហាប្រឈមដែលអាចកើតមាន។
២៖ ការសម្រេចបាននូវការធានារ៉ាប់រងសុខភាពជាសាកលមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចចាំបាច់និងជាសីលធម៌របស់យើងក្នុងនាមជាគ្រូពេទ្យ។ តាមរយៈការទាញយកចំណេះដឹងបទពិសោធន៍ និងភាពជឿនលឿនរបស់ប្រទេសចិនក្នុងការថែទាំសុខភាពបឋម និងសុខាភិបាលឌីជីថល យើងអាចធានាថាសេវាសុខាភិបាលសំខាន់ៗ អាចទទួលបានដល់ប្រជាជនដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ។ ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចបានសុខភាពជាសាកល។ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់គម្លាតភូមិសាស្ត្រ និងសេដ្ឋកិច្ច នឹងជួយយើងបង្កើតអនាគតមួយដែលការថែទាំសុខភាពប្រកបដោយគុណភាព ត្រូវបានទទួលស្គាល់ថាជាសិទ្ធិជាមូលដ្ឋានសម្រាប់មនុស្សទាំងអស់គ្នា។
៣៖ ការជំរុញវប្បធម៌ច្នៃប្រឌិតតាមបែបនវានុវត្តន៍ និងឌីជីថល គឺមានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពដែលកំពុងកើតមាន។ ប្រធានបទវេទិការបស់យើងក្នុងថ្ងៃនេះ គឺសង្កត់ធ្ងន់ថា យើងកំពុងស្ថិតនៅក្នុងយុគសម័យនៃភាពវៃឆ្លាតឌីជីថល នេះជាឱកាសដែលយើងត្រូវទទួលយកវាយ៉ាងពេញលេញ ដើម្បីបំពេញនៅក្នុងការងារសុខាភិបាលយើងឱ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធិភាពទ្វេរដង។ តាមរយៈការលើកកម្ពស់កិច្ចសហការ ការបណ្តុះបណ្តាលកសាងសមត្ថភាព ការស្រាវជ្រាវផ្នែកសុខភាពឌីជីថល ឱសថ-បរិក្ខាពេទ្យ និងការប្រើប្រាស់វេទិកាឌីជីថលសាមញ្ញ ដើម្បីភ្ជាប់សេវាសុខភាពជាមួយអ្នកប្រើប្រាស់ក្នុងសហគមន៍ ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ និងនៅតាមតំបន់ដាច់ស្រយាល យើងអាចពង្រឹងភាពរឹងមាំក្នុងតំបន់ និងនាំមកនូវក្តីសង្ឃឹម និងការព្យាបាលដល់សហគមន៍ជុំវិញតំបន់។
លោកជំទាវ បន្តទៀតថា «ក្នុងនាមកម្ពុជា ប្តេជ្ញាចិត្តអស់ពីចិត្ត ចំពោះដំណើរ សហការរួមគ្នានេះ។ ការសហការរវាងកម្ពុជានិងស្ថាប័នចិន ដូចជាមន្ទីរពេទ្យមិត្តភាពទី១ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រក្វាងស៊ី កំពុងនាំឱ្យមានជោគជ័យសំខាន់ៗ នៅក្នុងការស្រាវជ្រាវ ការបណ្តុះបណ្តាល និងការពង្រឹងប្រព័ន្ធសុខាភិបាល។ យើងខ្នះខ្នែងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងមានសន្តិភាពនៅក្នុងតំបន់»។
ជារួមសហគមន៍សុខាភិបាលអាស៊ាន-ចិន មិនត្រឹមតែមានទស្សនវិស័យអនាគតល្អប្រសើរ ប៉ុន្តែមានកាតព្វកិច្ចដ៏ធំក្នុងការផ្លាស់ប្តូរទស្សនវិស័យនោះឱ្យក្លាយជាការពិត។ ដោយការគិតគូរពីអាទិភាព និងផ្តល់ធនធានសម្រាប់ការអនុវត្តន៍ យើងអាចទទួលបានផលជាវិជ្ជមានដល់ជីវិតជិតពីរពាន់លាននាក់នក្នុងតំបន់របស់យើង។ យើងនឹងដើរតាមការប្តេជ្ញាចិត្តរបស់យើង ដើម្បីផ្លាស់ប្តូរពីផែនការ ទៅជាការអនុវត្តពិត និងបង្ហាញឱ្យឃើញថា សុខភាព ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សន្តិភាព ភាពសម្បូរបែប និងភាពរឹងមាំ៕