រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញវេរទេយ្យវត្ថុ និងបច្ច័យប្រគេនចំពោះ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងជើង ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី១០ នោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមគ្រួសារ បានអញ្ជើញបង្សុកូល និងដារពិស្ដាររាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ៕