(ភ្នំពេញ)៖ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់បារាំងប្រចាំកម្ពុជា បានឲ្យដឹងថា បារាំងបានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាព្រំដែនកម្ពុជានិងថៃ ដោយបារាំងនឹងបន្តតាមដានជាប្រចាំ។
ឯកឧត្តមបានឲ្យដឹងបែបនេះ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្ដេចតេជោ បានប្រាប់ទៅឯកអគ្គរដ្ឋទូត ដោយស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឲ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ ដោយសម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកឯកអគ្គរដ្ឋទូតថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញចង់បាននោះ គឺមិនចង់ឲ្យបារាំងទៅថ្កល់ទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឲ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងវិលមករកប្រតីភាពឡើងវិញ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គររដ្ឋទូត បានជូនសម្ដេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះ ដោយបារាំងនឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជានិងបារាំង ឯកឧត្តមក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង និងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ សម្ដេចបានលើកឡើងថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់លោក ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មី ក្រោយពីឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្ដល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងរវាងកម្ពុជា និងបារាំង ហើយសម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងញាំងឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានសម្ដែងនូវក្ដីអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តមក៏បានបង្ហាញក្ដីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពរីកចម្រើនជាបន្តបន្ទាប់។ លោក RICHARD ក៏បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួនរបស់លោក ក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយលោកសង្ឃឹមថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ និងញ៊ាំងទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាក្រុង។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា និងបារាំង ដោយសម្ដេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងការវិវត្តជាបន្តបន្ទាប់ ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា ចំពោះការជួយជ្រោមជ្រែងរបស់បារាំង នាពេលកន្លងមក ក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការជួយដល់វិស័យកៅស៊ូដំបូងគេ ការជួយដល់វិស័យទឹកស្អាតជាដើម ព្រមទាំងការបណ្ដុះបណ្ដាលនៅធនធានមនុស្សកម្ពុជា ផងដែរ។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានរំលេចឲ្យភាគីទាំងពីរ បារាំង និងកម្ពុជា ត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នា ឲ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្ដេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង៕