ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារឧតុនិយម


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារឧតុនិយម ដោយមានវត្តមានចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានឧតុនិយមជាច្រើនរូប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានឧតុនិយម ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញមុខងាររបស់ខ្លួនជាប្រចាំមិនខ្លាចនឿយហត់ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ជាពិសេស ការអភិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់ទាំងគុណភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការព្យាករអាកាសធាតុនិងធាតុអាកាស ការងារវិភាគនិងទទួលទិន្នន័យពីបណ្តាស្ថានីយឧតុនិយមស្វ័យប្រវត្តិនិងស្ថានីយមិនស្វ័យប្រវត្តិ ព្រមទាំងស្ថានីយទទួលទិន្នន័យពីផ្កាយរណបរបស់ប្រទេសជប៉ុននិងកូរ៉េ និងស្ថានីយរ៉ាដាឧតុនិយមតេជោសែន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងរបៀបរបបបំពេញការងារ និងប្រព័ន្ធការងារ ដើម្បីលើកកម្ពស់គុណភាព និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេស បន្តយកចិត្តទុកដាក់ពង្រឹងនិងពង្រីកការងារដំឡើង ជួសជុល និងថែទាំស្ថានីយឧតុនិយម ដើម្បីប្រមូលទិន្នន័យឱ្យស្របតាមលក្ខណៈនៃការប្រែប្រួលអាកាសធាតុ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យបានកាន់តែជិតស្និទ្ធ និងបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលើផ្នែកជំនាញបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការការងារឱ្យកាន់តែប្រសើរ៕