មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា


ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល និងជាយន្តការកំណែទម្រង់ស៊ីជម្រៅ ក្នុងការកែលម្អ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រង ដែលមានស្តង់ដារួមមួយ ក្នុងការធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទៅតាមប្រភេទនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធិភាព។

ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម ប្រាក់ ថាវអមិដា ​នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS-V2) លើកទី១ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លោកស្រី មកពីមន្ទីរ អង្គភាព រាជធានី ខេត្ត និងមន្រ្តីរាជការជាច្រើនផងដែរ។

ឯកឧត្តមបានបន្តថា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងកំណែទម្រង់ជាបន្តបន្ទាប់ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ដល់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថា ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាអាទិភាពមួយ នៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីឆ្ពោះទៅបង្កើនគណនេយ្យភាពសមិទ្ធកម្ម ដែលជាគោលដៅចម្បងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងន័យនេះ សម្រាប់ក្រសួងព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី (SARMIS-V2) នឹងជួយបង្កើនល្បឿនបន្ថែមមួយកម្រិតទៀត ក្នុងការអនុវត្តនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលបច្ចុប្បន្នត្រូវចំណាយពេល និងធនធានច្រើន។

ឯកឧត្តមបន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មីនេះ តម្រូវឱ្យក្រសួង និងមន្ទីរ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន តាមគំរូ និងប្លង់របស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព សំដៅសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបន្តទៀតថា ជាមួយសក្តានុពលនៃកំណើនបច្ចេកវិទ្យា ក្រសួងព័ត៌មាន ប្តេជ្ញាបន្តពង្រឹង និងពង្រីកវិសាលភាពនៃការប្រែក្លាយនីតិវិធីអនុវត្តការងារនានា តាមបែបឌីជីថល ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដោយត្រូវជំរុញដល់គ្រប់មន្ទីររាជធានី-ខេត្ត ដែលនៅសេសសល់ជាបន្តបន្ទាប់។ ប្រព័ន្ធ SARMIS-V2 ជំនាន់ថ្មី ជាប្រភេទប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធ Online ដែលជាការផ្តល់ភាពសុក្រឹត្យ និងកាន់តែងាយស្រួលសម្រាប់មន្រ្តី ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ឯកឧត្តម ប្រាក់ ថាវអមិដា សង្ឃឹមថា ក្នុងឱកាសដ៏មានតម្លៃនេះសិក្ខាកាម នឹងត្រូវបានពង្រឹងសមត្ថភាពបន្ថែម និងយល់ដឹងកាន់តែច្បាស់លើការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដើម្បីរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីនេះ ឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកឆ្លើយតបទៅនឹងចរន្តសកល នៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ផងដែរ។

លោកស្រី ទេស ផល្លីន អគ្គនាយិការដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលបានវិវត្តខ្លួនបានមួយជំហានទៀតទៅជាប្រព័ន្ធ SARMIS ជំនាន់ទី២ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យឱ្យបានល្អប្រសើរ និងមានភាពងាយស្រួលជាងមុន។

លោស្រីបញ្ជាក់ថា សិក្ខាសាលានេះ នឹងផ្តល់នូវមូលដ្ឋានចំណេះដឹងដ៏រឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញកិច្ចតាមអង្គភាពជំនាញ និងផ្តល់ឱកាសឱ្យសិក្ខាកាមចាប់យកបទពិសោធន៍ល្អៗ ដើម្បីអនុវត្តការងារកាន់តែល្អប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ផងដែរ៕