ក្រសួងទេសចរណ៍ រៀបចំសិក្ខាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី «បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍» នៅខេត្តសៀមរាប


ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី «បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍» នៅខេត្តសៀមរាប។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ភាគីពាក់ព័ន្ធ និងអ្នកផលិតមាតិការជាច្រើនរូប។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់យកការងារអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេស ការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ ការសិក្សា ការប្រកបអាជីវកម្ម វិទ្យាសាស្ត្រសុខាភិបាល យោធា ការផ្ដល់សេវាសាធារណៈ ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។ បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។ ចំណែកនៅក្នុងវិស័យសាធារណៈបច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព, និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស។

យោងរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) បានឱ្យដឹងថា មានអ្នកដំណើរប្រមាណ ៨៣% ដែលធ្វើដំណើរជាមួយឧបករណ៍ចល័ត (smart phone, tablet) របស់ពួកគេ និងប្រើប្រាស់កម្មវិធីនៅលើគេហទំព័រឬកម្មវិធីនៅលើទូរសព្ទចល័ត ដើម្បីរៀបចំផែនការធ្វើដំណើរ ដែលរួមទាំងការបញ្ជាទិញសំបុត្រ, ការត្រួតពិនិត្យមុនពេលឡើងយន្តហោះ ការចុះឈ្មោះស្នាក់នៅសណ្ឋាគារ, ការប្រើប្រាស់មធ្យោបាយធ្វើដំណើរ,ការស្វែងរកតំបន់គោលដៅទេសចរណ៍និងព័ត៌មាន, ការអានបញ្ជីមុខម្ហូបបែបឌីជីថលនៅក្នុងភោជនីយដ្ឋាន, ការទូទាត់សេវាតាមប្រព័ន្ធអេឡិចត្រូនិច និងការប្រើប្រាស់សេវាកម្មផ្សេងៗទៀត។ យើងសង្កេតឃើញថា សក្តានុពលនៃក្រុមមនុស្សដែលនិយមប្រើប្រាស់បច្ចេកវិទ្យា វ័យក្មេង(មនុស្សជំនាន់សហស្សវត្ស និងជំនាន់ Z) ដែលជាក្រុមទីផ្សារគោលដៅ មានចំនួនប្រមាណ ២៣% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្នុងន័យនេះ ឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ ផ្តោតទាំងទៅលើទិដ្ឋភាពនៃការផ្តល់សេវាសាធារណៈទំនើប និងទាំងទិដ្ឋភាពនៃការផ្តល់ភាពងាយស្រួល និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងអ្នកប្រើប្រាស់។ កន្លងមក ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ មានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាព្រមទាំងវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ ក្នុងនោះ ក្រសួងទេសចរណ៍បានធ្វើស្វ័យប្រវត្តិកម្មទាំងស្រុងលើការស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ និងការបង់សេវា តាមរយៈការប្រើប្រាស់យន្តការ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX ដោយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ បានកាត់បន្ថយពី ២៨ថ្ងៃ មកនៅត្រឹម៧ថ្ងៃ។ ក្រសួងក៏គ្រោងនឹងបញ្ចូលអាជ្ញាបណ្ណសេវាកម្មមគ្គុទេ្ទសក៍ទេសចរណ៍ក្នុងប្រព័ន្ធ CamDX នៅក្នុងពេលខាងមុខនេះ ផងដែរ។

ឯកឧត្តមបន្តថា បន្ថែមលើនេះ កន្លងមក រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលសម្រាប់ការលក់និងគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, បានកែលម្អនិងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាកាតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។

ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិ-ករទេសចរណ៍ ការអភិវឌ្ឍសមត្ថភាពខ្លួនស្របតាមបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនយកទៅប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យបន្តរីកចម្រើនឥតឈប់ឈរ ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ។

បើតាមឯកឧត្តម ប្រាក់ សោភ័ណ, ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែក នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឲ្យអ្នកពាក់ព័ន្ធគ្រប់រូប និងពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឲ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍ អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ ក្នុងនាមជាប្រតិបត្តិ-ករទេសចរណ៍ ការអភិវឌ្ឍសមត្ថភាពខ្លួនស្របតាមបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ និងចាំបាច់ ដោយត្រូវសិក្សាស្វែងយល់បន្ថែមអំពី បច្ចេកវិទ្យានៃការគ្រប់គ្រងប្រព័ន្ធនានា ការផ្សព្វផ្សាយទេសចរណ៍ និងការផ្តល់សេវាកម្មតាមរយៈឌីជីថល ជាពិសេសអំពីការការពារខ្លួនលើប្រព័ន្ធឌីជីថលរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោកអភិបាលខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ថ្វីត្បិតតែខេត្តសៀមរាប ពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដូចបណ្តាឆ្នាំកន្លងទៅ ប៉ុន្តែក្រុមការងារសសយកខេត្ត នឹងរៀបចំរចនាទីតាំងផ្សារបណ្តែតលើទឹក និងការជិះទូកលេងកម្សាន្ត សម្រាប់ពលរដ្ឋមកទស្សនាខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យជាតិមួយនេះ ជាទីកម្សាន្តសប្បាយ។

ឯកឧត្តមសង្ឃឹមថា តាមរយៈសិក្ខាសាលានេះនឹងទទួលបានធាតុចូលសំខាន់ៗ ដើម្បីការអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែរីកចម្រើន និងយកទៅប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យបន្តរីកចម្រើនឥតឈប់ឈរ ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ធ្វើឱ្យវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជាយើង កាន់តែរីកលូតលាស់ទៅមុខទាំងលើឆាកជាតិ និងអន្តរជាតិ៕