រដ្ឋសភាកម្ពុជា ថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាលចំនួន២៩អង្គ/នាក់


រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងថាថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាលចំនួន២៩អង្គ/នាក់។

បើតាមខ្លឹមសារខាងក្នុង បានឱ្យដឹងដូច្នេះថា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល អាជ្ញាធរថៃបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាលចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងធ្វើការទាមទារដោយសន្តិវិធីឱ្យ មានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។ យើងខ្ញុំសូមជូនពរដល់ប្រជាជនរងរបួស ទាំងអស់ឆាប់បានជាសះស្បើយ។

រដ្ឋសភា សូមសម្តែងនូវការខកចិត្ត និងថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលបន្តធ្វើសកម្មភាពនានា ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលកន្លងមក។ ទង្វើទាំងនេះប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោបាយ និងការខិតខំប្រឹងប្រែងនានា ដើម្បីស្ដារឡើងវិញនូវសុខសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ។

រដ្ឋសភា ទទួចដល់ភាគីថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នូវការអនុវត្តបទឈប់ បាញ់កម្ពុជា-ថៃ ជាពិសេសការជំរុញការបង្កើត និងពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត រដ្ឋសភា សូមគាំទ្រយ៉ាងពេញទំហឹងដោយមានជំនឿយ៉ាងមុតមាំ ចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិសេរីភាព និងភាពថ្លៃថ្នូរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទូត និងច្បាប់អន្តរជាតិ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព កងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ក្នុងនាមជាប្រជាជាតិមួយ គ្មានអ្វីសំខាន់ជាងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិសេរីភាព នោះឡើយ៕