សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អំណោយជូនមន្ដ្រីនគរបាលអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៨០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ


ឯកឧត្តម ឆាយ វីរៈ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលប្រគល់ជូននាពេលនេះ រួមមាន៖ ឧបត្ថម្ភជូនអង្គភាពនៃការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១០,០០០,០០០រៀល, ភេសជ្ជៈ ចំនួន៥០កេស, ឧបត្ថម្ភជូនប្រធានការិយាល័យ១រូប ចំនួន៨០០,០០០រៀល, អនុប្រធានការិយាល័យ ១៧រូប ក្នុង១រូប ចំនួន២០០,០០០រៀល, មន្ត្រី ចំនួន១៦២នាក់ ដោយក្នុងម្នាក់ៗ ចំនួន៥០,០០០រៀល។ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់មន្ត្រីក្នុងអង្គភាពចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្គរ២៥គីឡូក្រាម មី១កេសតូច ទឹកក្រូច១កេស ទឹកបរិសុទ្ធ១កេស, ភេសជ្ជ២កេស, ត្រីខ១យួរ និងឃីត១កញ្ចប់។

ឯកឧត្តម ឆាយ វីរៈ បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជូនដល់បងប្អូន និងក្រុមគ្រួសារ។

ឯកឧត្តមបន្ដថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញការងារបម្រើប្រជាពលរដ្ឋ បានល្អកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ចែងឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយមកប្រគល់ជូនដោយផ្ទាល់ដៃ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ៕