សម្តេចភក្តី សាយឈុំ និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនបិណ្ឌទី១៤ នៅវត្តបទុមវតីរាជវរារាម


នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនបិណ្ឌទី១៤ នៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានខណ្ឌ ក្រុមប្រឹក្សា អាជ្ញាធរខណ្ឌដូនពេញ និងមន្ត្រីមូលដ្ឋានក្នុងសង្កាត់ចតុមុខផងដែរ បានអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យនេះ ប្រកបដោយចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត និងជាបន្ទាប់មកទៀត សម្តេចភក្តី លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់ ក៏បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា បង ប្អូនប្រុស ស្រី និងញាតកាទាំង៧សន្តានដែល បានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានគុណទាំងនោះ បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ សម្តេចភក្តី លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីក៏បានអញ្ជើញចូលក្រាបបង្គំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាកុដិ សម្តេច ព្រះមហាសង្ឃរាជផងដែរ ៕