ជារៀងរាល់ឆ្នាំបន្ទាប់ពីការប្រឡងបាក់ឌុប ត្រូវបានបញ្ចប់បញ្ចប់ក្រសួងអប់រំ យុវជន និងកីឡា តែងតែប្រកាសលទ្ធផលនៃការប្រឡងលទ្ធផលនេះគឺជាចំណុចសំខា ន់ដែលសិស្សានុសិស្សមាតាបិតាអ្នកអាណាព្យាបា លនិងសាធារណៈជនទូទៅទន្ទឹងរង់ចាំយ៉ាងអន្ទះសារផងដែរ។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់កញ្ចប់លទ្ធផលតារាងបញ្ជីឈ្មោះអ្នកប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដោយមានការអញ្ជើញចូលរួមពីនាយក-នាយការលោកគ្រូ- អ្នកគ្រូ និងមន្ត្រីរាជការជាច្រើនរូប ដើម្បីរង់ចាំអ៊ុតមើលលទ្ធផលការប្រ ឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) របស់សិស្សានុសិស្ស ប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង។
លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំង លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨ សីហា ២០២៥ ខេត្តកំពង់ឆ្នាំង មាន៨មណ្ឌលស្មើនឹង ១៩០បន្ទប់ មានបេក្ខជនមកចូលរួមប្រឡងចំនួន ៤៦៦៣នាក់ ស្រី២៧៤៦នាក់ ក្នុងនោះអ្ន កប្រឡងជាប់មានចំនួន៣៧៨០ ក្នុងនោះស្រី២ ៣៥៤នាក់ បើគិតជាភាគរយបេក្ខជនដែលប្រឡងជាប់ស្មើនឹង៨១,០៦ភាគរយ, ស្រី៨៥,៧២ភាគរយ។
សម្រាប់និទ្ទេស A មាន៤៥នាក់ ក្នុងនោះស្រី២៧នាក់, និទ្ទេស B ចំនួន២៥១នាក់ ក្នុងនោះស្រី១៦១ នាក់, និទ្ទេស C មាន៧៨៣នាក់ ក្នុងនោះស្រី៥១២នា ក់, និទ្ទេស D មាន១៤៦៨ននាក់ ក្នុងនោះស្រី៩៥២នាក់ និងនិទ្ទេស E មាន១២៣៤នាក់ ក្នុងនោះស្រី៧០២នាក់ផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្ទាប់ពីបើកកញ្ចប់លទ្ធផលតារាងឈ្មោះអ្នកដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួចមក លោកសូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ដែលលទ្ធផលនេះជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំខេត្ត ក្នុងការលើកកម្ពស់វិស័យអប់រំផងដែរ។ លើសពីនេះអាជ្ញាធរខេត្តក៏តែងតែលើកទឹកចិត្តដល់សិស្សដែលមិនបានទទួលជោគជ័យឱ្យបន្តខិតខំប្រឹងប្រែងនិងផ្ដល់ឱកាសដល់ពួកគេដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
ឯកឧត្តមអភិបាលបានបន្តទៀតថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប គឺជាការប្រឡងដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីវាយតម្លៃសមត្ថភាពសិស្សថ្នាក់ទី១២ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សា។លទ្ធផលនៃការប្រឡងនេះគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជន រូបលោកក៏មានមោទនភាពយ៉ាងក្រៃលែងដែលឆ្នាំនេះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសល្អច្រើន និងភាគរយខ្ពស់ដែលហួសពីការរំពឹងទុក៕