អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន ព្រមទាំងឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ, ឯកឧត្តម សឿន សាន អនុរដ្ឋលេខាធិការ និងដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះមេគណខេត្តកំពង់ស្ពឺ លោកនាយករងរដ្ឋបាល និងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បាននាំយកអង្ករ ដែលជាទេយ្យទានជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំនួន៨,១០០គីឡូក្រាម ប្រគេនព្រះសង្ឃចំនួន ២៧វត្ត (វត្តគណៈធម្មយុត្តិចំនួន ៤វត្ត) ក្នុងខេត្តកំពង់ស្ពឺ ដោយក្នុង១វត្តទទួលបានចំនួន ៣០០គីឡូក្រាម។
ក្នុងឱកាសនោះឯកឧត្តម បាននាំយកនូវសេចក្តីក្រាបថ្វាយបង្គំ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ប្រគេនព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន បើទោះជារាជរដ្ខាភិបាលកំពុងមមាញឹកជាមួយសមរភូមិទាំង៣ ក្នុងការការពារបូរណភាពទឹកដីក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែគិតគូរដល់ទីវត្តអារាមនៅក្នុងរដូវកាលបុណ្យតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបានបន្តថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះលោកបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។
នៅក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីបានបវរណាបច្ច័យ៤ ផងដែរចំពោះព្រះមេគណខេត្ត ចំនួន ៣០០,០០០រៀល និងព្រះធម្មធរខេត្ត ចំនួន ២០០,០០០រៀល។
ព្រះមុនីសត្ថាចារ្យ កែវ ចន្ថា មេគណគណៈមហានិកាយ តំណាងព្រះមន្រ្តីសង្ឃនិងពុទ្ធបរិស័ទ ទាំង២៧វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋ។ ព្រះអង្គក៏បានបួសសួងវត្ថុសក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕