ថ្នាក់ដឹកនាំខេត្តរតនគិរី ចុះសួរសុខទុក និងនាំអំណោយជូនកម្លាំងវរសេតូចការពារព្រំដែន និងកម្លាំងការពារបរិស្ថាន ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំអំណោយជូនកម្លាំងនគរបាលវរសេនាតូចការពារលេខ៦២៣, កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ២០៣, កងវរសេនាតូចយោធាការពារព្រំដែនលេខ១១៣ និងកម្លាំងបរិស្ថានឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ។

 ឯកឧត្តម ញ៉ែម សំអឿន បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរ ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះកងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ដើម្បីការពារទឹកដីឲ្យបានគង់វង្ស។

 ឯកឧត្តម ញ៉ែម សំអឿន បានឲ្យកងកម្លាំង សហការជាមួយប្រទេសជិតខាងល្អ, បង្កើនមិត្តភាពលេងកីឡា, ជួបជុំជជែកគ្នា និងរក្សាស្ថានភាពដើម។

សូមបញ្ជាក់ថា អំណោយរបស់ថ្នាក់ដឹកនាំខេត្ត ផ្តល់ជូននាពេលនេះរួមមាន កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ (កម្ពុជា-វៀតណាម), កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ២០២, កងកម្លាំងវរសេនាតូចការពារព្រំដែនយោធាលេខ១១៣ (កម្ពុជា-វៀតណាម-ឡាវ) ដោយក្នុង១អង្គភាពទទួលបានថវិកា ចំនួន២លានរៀល, អង្ករចំនួន១.៥តោន, មីខ្លាឃ្មុំ កេសធំ ចំនួន១០កេស, មីខ្លាឃ្មុំកេសតូច ចំនួន៤០កេស, មីជាតិកេសតូចចំនួន២០កេស និងទឹកបរិសុទ្ធចំនួន៣០កេស។

ដោយឡែក កម្លាំងបរិស្ថានថវិកាចំនួន១លានរៀល,:អង្ករ១តោន, មីខ្លាឃ្មុំកេសធំ ចំនួន១០កេស, មីខ្លាឃ្មុំកេសតូចចំនួន១០កេស, មីជាតិកេសតូចចំនួន២០កេស និងទឹកសុទ្ធចំនួន២០កេស៕