ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ការបោសម្អាតមីនមនុស្សធម៌ គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ និងតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ។
ឯកឧត្តមបន្ថែមថា ដំណើរការបោសម្អាតមីនមនុស្សធម៌ នៅទីតាំងទាំងនេះ មានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងលឺ និងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះ បានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
តាមរយៈបណ្តាញទំនាក់ទនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ ព្រមទាំងបានចាប់ផ្តើម និងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖
ទី១៖ ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីន ដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
ទី២៖ ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីន ដើម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការដំណើរការបោសម្អាតមីនមនុស្សធម៌ នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងលឺ និងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះ បានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
ឯកឧត្តម ហេង រតនា បានបន្ថែមថា រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងសៀម បានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន) របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។
ឯកឧត្តមសង្កត់ធ្ងន់ថា «ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត»៕