បន្ទប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ព្រះអនុគណតាមបណ្ដាវត្តនានាក្នុងក្រុងស្រុកនៃខេត្តតាកែវ បាននាំយកនំអន្សមយ៉ាងច្រើន ដែលបានមកពីពុទ្ធបរិស័ទ្ធ មកប្រគល់ជូនរដ្ឋបាលខេត្តតាកែវ សម្រាប់យកទៅចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល ពលនគរបាល ដែលមានភារកិច្ចឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ល្អរបស់ព្រះតេជគុណគ្រប់ព្រះអង្គនៅក្នុងខេត្តតាកែវទាំងមូល ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ជាមួយនឹងរដ្ឋបាលខេត្តតាកែវរហូតមក។
ក្នុងឪកាសនេះឯកឧត្តមអភិបាលខេត្តតាកែវ បានគោរពប្រគេនពរថ្វាយព្រះសង្ឃនិងបងប្អូន ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយរបស់ខេត្តតាកែវ សូមទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕